(ស្ទឹងត្រែង)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំវគ្គបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រោមអធិបតីភាពលោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

ក្នុងវគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោកស្រី កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត លោក សែន វ៉ានស៉ីម អភិបាលរងខេត្តស្ទឹងត្រែង និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងអស់តំណាងរដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈអភិបាលក្រុង ស្រុក អធិការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ពន្ធនាគារខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធិមនុស្ស ដែលរួមមានសមាជិកសរុបជិត២០០នាក់។

គោលបំណងនៃការអប់រំផ្សព្វផ្សាយនេះ ដើម្បីផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិនិងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ។ វគ្គនេះត្រូវបានរៀបចំប្រមូលផ្តុំមន្រ្តីទទួលខុសត្រូវ ពិសេសមន្រ្តីគ្រប់គ្រងកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពនៅតាមបណ្តាខេត្តនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងការប្រឆាំងទារុណកម្ម។

លោក រ៉ូ ប៊ីនណៃ បានបន្ថែមថា ក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយនេះដែរក៏មានការបង្ហាញពីបទដ្ឋានជាតិនិងអន្តរជាតិទាក់ទងនិងការគោរពសិទ្ធិមនុស្ស និងលិខិតបទដ្ឋានជាតិនិងអន្តរជាតិពាក់ព័ន្ធនិងការប្រឆាំងទារុណកម្ម ព្រមទាំងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។ ក្នុងវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនេះ ក៏មានលើកនូវសំណូមពរមួយចំនួនដល់ (គ.ជ.ប.ទ) ក្នុងការបង្កើតឱ្យមានគណៈកម្មាធិការនៅថ្នាក់ខេត្តផងដែរ។

លោក នុត សាអាន បានលើកឡើងថា គោលបំណងអប់រំផ្សព្វផ្សាយនេះនឹងផ្ដល់នូវការយល់ដឹងបន្ថែមទៀតអំពីសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ។

លោកបានសង្កត់ធ្ងន់ថា ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាពនោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តបែបនេះគឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ វាជាអំពើអយុត្តិធម៌ដែលអាចបង្កើតឲ្យមានគំនិតគុំគួនគ្នាមិនចេះចប់មិនចេះហើយ។

លោកបានបន្តថា ការអប់រំផ្សព្វផ្សាយនេះនឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិនិងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តិមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ។

លោកប្រធាន នុត សាអាន ក៏បានបញ្ជាក់អំពីលទ្ធផលរំពឹងទុកគ្រប់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធនឹងទទួលបានការយល់ដឹងអំពី លិខិតបទដ្ឋានជាតិនិងអន្តរជាតិពាក់ព័ន្ធទៅលើជនដែលត្រូវបានដកហូតសេរីភាព ដើម្បីបង្ការទប់ស្កាត់ និងការប្រឆាំងទារុណកម្ម ព្រមទាំងយល់ដឹងអំពី តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)៕