(ភ្នំពេញ)៖ លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលបាលខណ្ឌពោធិ៍សែនជ័យ តំណាងលោកអភិបាលរាជធានីភ្នំពេញ រួមទាំងក្រុមមន្ត្រី នៃមន្ទីរសូរិយោដីរាជធានីភ្នំពេញ និងមន្ត្រីភូមិបាលខណ្ឌ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋចំនួន៧៥៧ គ្រួសារ រស់នៅក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋ ដែលបានមកទទួលប័ណ្ឌកម្មសិទ្ធិ បានសម្តែងក្តីរីករាយក្រោយទទួលបានប័ណ្ឌ ព្រោះប័ណ្ឌនេះជាលិខិតដែលបញ្ជាក់ដោយរដ្ឋអំណាចថា បុគ្គលដែលមានឈ្មោះក្នុងប័ណ្ឌ គឺជាម្ចាស់ ពុំអាចមានបុគ្គលណាមកបន្លំ ឬរំលោភបំពានយកអចលនវត្ថុផ្ទាល់ខ្លួនរបស់ពួកគាត់បានឡើយ។

ពលរដ្ឋបន្តថា ការចុះចែកជូនពលរដ្ឋដោយផ្ទាល់នេះ វាជាយន្តការដ៏ប្រសើរបំផុតសម្រួលភាពងាយស្រួលសម្រាប់ពលរដ្ឋ អាចទទួលបានដោយងាយស្រួល ហើយក៏ស្នើរសុំឱ្យអាជ្ញាធរបន្តសកម្មភាពនេះ ឱ្យបានកាន់តែផុសផុលទៅមុខបន្តទៀតផងដែរ។

លោក សក់ ច័ន្ទកញ្ញារិទ្ធិ បានឱ្យដឹងដែរថា ពលរដ្ឋដែលមានអចលនវត្ថុក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ស្ទើរតែ១០០ភាគរយហើយ ដែលបានចុះបញ្ជីរក្បាលដីរួច ហើយនឹងត្រៀមទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជាបន្តបន្ទាប់នៅថ្ងៃខាងមុខ។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានបន្តថា ក្នុងនាមអាជ្ញាធរ នឹងខិតខំបន្តសកម្មភាពពន្លឿនការសម្រួលនូវរាល់ឯកសារទាំងឡាយឱ្យបានឆាប់រហ័សជូនពលរដ្ឋប្រើប្រាស់ ហើយលោកអភិបាលក៏សូមអំពាវនាវពលរដ្ឋ ដែលមានដីធ្លី និងផ្ទះសម្បែងទាំងអស់ដែលមិនទាន់ចុះបញ្ជីរក្បាលដី សូមទៅបំពេញឯកសារ ដើម្បីចុះបញ្ជីរទទួលស្គាល់ដោយផ្លូវច្បាប់ ដើម្បីជាការធានាការពារពារចំពោះទ្រព្យសម្បត្តិរបស់ខ្លួន ជៀសវៀងការរំលោភបំពាន ឬបាត់បង់ដោយរូបភាពណាមួយឡើយ៕