(ភ្នំពេញ)៖ រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តឱ្យបានជាបថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលខេត្តពោធិ៍សាត់ និងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ នៅសួនច្បារ ១៤មករា ក្រុងពោធិ៍សាត់
ទី២៖ នៅខាងមុខសាលាបឋមសិក្សាបឹងខ្នារ ស្រុកបាកាន
ទី៣៖ គណបក្សប្រជាជនកម្ពុជា ស្រុកក្រគរ
ទី៤៖ នៅខាងមុខសាលាស្រុកភ្នំក្រវាញ
ទី៥៖ នៅមុខរង្វង់មូលដំរី៥០៥ ស្រុកវាលវែង
ទី៦៖ នៅទីតាំងដីឧកញ៉ាទ្រីភាព ទល់មុខសាលាស្រុកកណ្ដៀង
និងទី៧៖ នៅខាងមុខផ្សារបត់រំដួល ស្រុកតាលោសែនជ័យ

រដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ នឹងអញ្ជើញចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះ នៅតាមទីតាំងដូចបានកំណត់ខាងលើឱ្យបានច្រើនកុះករ និងអធិកអធ័ម៕