(តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៉ី ប្រធានាធិបតីកូរ៉េ បានបញ្ជាក់ប្រាប់សម្តេចថានឹងខិតខំពង្រីកចំនួនកូតាពលករខ្មែរ ឱ្យបានច្រើនដើម្បីចេញទៅធ្វើការនៅកូរ៉េ ពីព្រោះពលករខ្មែរ មានស្មារតីខិតខំ និងមានសីលធម៌ល្អ។

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណេត បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រធានាធិបតីកូរ៉េ ឆ្នាំនេះគាត់ជួបខ្ញុំនៅទីក្រុងហ្សាការតា គាត់ថានឹងខិតខំពង្រីកកូតាឱ្យបងប្អូនយើងបានទៅធ្វើការនៅទីនោះបន្ថែមទៀត (ប្រទេសកូរ៉េ) គាត់សសើរថាពលករខ្មែរយើង ទៅធ្វើការនៅកូរ៉េ ប្រកាន់នឹងការខិតខំប្រឹងប្រែង មានសីលធម៌ល្អ»

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលដែលកម្ពុជា ចេញទៅផ្សព្វផ្សាយពីវប្បធម៌នៅក្រៅប្រទេស​មានបរទេសខ្លះអត់ជឿថាខ្មែរសម្បូរដោយវប្បធម៌នោះទេ ព្រោះគេគិតថាប្រទេសជាប្រទេសដែលកំពុងមានសង្គ្រាមជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុបច្ចុប្បន្ន តាមការបងប្អូនពលករ សិស្សនិស្សត ដែលបានចេញទៅបំពេញការងារ និងសិក្សានៅក្រៅប្រទេសបានមិនមែនគ្រាន់តែទៅបំពេញការងារ និងសិក្សានោះទេ ប៉ុន្តែ ពួកគាត់បានចូលរួមផ្សព្វអរិយធម៌ ប្រពៃណីជាតិខ្មែរ ឱ្យបរទេសបានស្គាល់ខ្មែរកាន់តែច្បាស់លើឆាកអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីធ្វើទំនើបកម្មយ៉ាងណា ក៏ត្រូវបោះបង់វប្បធម៌ និងប្រពៃណីរបស់ខ្លួននោះឡើយ។ បន្ថែមពីនេះដើម្បីដោះស្រាយការងារទទួលបានប្រាក់ចំណូលទ្រទ្រង់ជីវភាពនោះ រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែដាក់ចេញគោលនយោបាយបង្កើតការងារក្នុងស្រុកប៉ុណ្ណោះទេ តែក៏បានដាក់ចេញគោលនយោបាយពង្រីកការងារជូនប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ។

កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំៗទាំង៦ (កូរ៉េខាងត្បូង, ជប៉ុន, ម៉ាឡេស៊ី, សិង្ហបុរី, រដ្ឋបាលពិសេសហុងកុង, អារ៉ាប៊ីសាអូឌិត) ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការ។ ពលករ-ពលការីនីខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណ ៥៥,២០០នាក់ ដែលក្នុងនោះមានពលករខុសច្បាប់ចំនួន ៧,០០០ នាក់។

របាយការណ៍របស់ក្រសួងការងារបានអះអាងថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េធ្វើលើវិស័យសំខាន់ៗចំនួន៣ ធ្វើការលើវិស័យចំនួន៣រួមមាន៖ វិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។ ពួកគេអាចទទួលបានប្រាក់ខែពី ១,៥០០ ទៅ ២,០០០ដុល្លារ និងមួយចំនួនទៀត ទទួលបានជាង ៣,០០០ដុល្លារក្នុងមួយខែ។

គួរឱ្យដឹងថា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូងនៅទីនោះផ្ទាល់តែម្តង ដើម្បីសម្របសម្រួលមធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរនៅទីនោះ៕