(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មិនមែនតែកម្ពុជាទេ ដែលប្រកាន់នយោបាយចិនតែមួយ ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៨១ប្រទេសផ្សេងទៀត ក៏ប្រកាន់គោលនយោបាយចិនតែមួយដែរ ដើម្បីផលប្រយោជន៍ជាតិ និងការធ្វើពាណិជ្ជកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ការលើកឡើងរបស់របស់សម្តេចធិបតី ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុមួយ ដែលបានផ្សាយរិះគន់ និងវាយប្រហារ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសចិន កាលពីពេលថ្មីៗនេះ។
សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ឃើញវិទ្យុមួយនោះគេផ្សាយថាប្រទេសខ្លះថ្កោលទោសកម្ពុជា ថាកម្ពុជាប្រកាន់នយោបាយចិនតែមួយ គឺ អាក្រក់។ ខ្ញុំសុំប្រាប់អ៊ីចេះទៅ ស្រាវជ្រាវឡើងវិញទៅ ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិមាន១៩៣ប្រទេស ក្នុងនោះ១៨១ប្រទេសគឺប្រកាន់ជំហរចិនមួយរួមទាំងអាមេរិកផងដែរ។ កម្ពុជាប្រកាន់ជំហរចិនតែមួយអត់ខុសទេ។ អាស៊ានទាំងអស់ ក៏ប្រកាន់ជំហរចិនតែមួយ»។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅចិន គឺដើម្បីបញ្ជាក់ជំហរគោលនយោបាយការទូតរបស់កម្ពុជាជាមួយចិន នៅរក្សាដដែល ព្រោះគោលនយោបាយនេះ ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានអនុម័តដោយអង្គសន្និបាតវិសាមញ្ញ។ ហើយការប្រកាន់នយោបាយការបរទេសនេះ មិនមែនកម្ពុជាធ្វើតែជាមួយចិននោះទេ ជាមួយជប៉ុន កូរ៉េ ហ្វីលីពិន និងអាមេរិកអាមេរិក ក៏កម្ពុជានៅរក្សានិរន្តរភាព សង្គត់ភាព និងបន្តពង្រីកថែមទៀត។ សម្តេចថា ក្នុងទស្សនកិច្ចទៅទីក្រុងណាននីងនេះផងដែរ ក៏ដើម្បីទៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មអាស៊ានចិន ដែលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងជិត១ទ្រីលានដុល្លារ។
សម្តេចធិបតី ថ្លែងទៀតថា នយោបាយរបស់កម្ពុជាឈរលើនិរន្តភាព និងសង្គតិភាព ផ្អែកលើគោលនយោបាយមូលដ្ឋានអធិបតីភាព ឯករាជ្យ ផ្អែកលើច្បាប់ អនុវត្តដោយច្នៃប្រឌិតវៃឆ្លាត និងផ្អែកលើការតំកល់ផលប្រយោជន៍ជាតិជាធំ។
សម្តេចលើកឡើងទៀតថា តាមរយៈគោលនយោបាយការទូតជាមួយចិន កម្ពុជាក៏ទទួលផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មផងដែរ។ សម្តេចគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្ម ជាមួយចិន មិនមែនជារឿងអាក្រក់នោះទេ បើការធ្វើពាណិជ្ជកម្មជាមួយចិន អាក្រក់មែននោះ មិនមែនអាមេរិក អឺរ៉ុប និងប្រទេសជាសមាជិកអាស៊ាន បង្កើតទំនាក់ទំនងជាមួយចិននោះទេ។
តាមរយៈទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន កម្ពុជាទទួលបានវិនិយោគពីចិន មកបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ រួមទាំងនាំចេញផលិតផលជាច្រើន ជាពិសេសផលិតផលកសិកម្មទៅប្រទេសចិន។ ជាមួយគ្នា ក្រុមហ៊ុនទេសចរណ៍កម្ពុជា ក៏ទទួលផលប្រយោជន៍ ពីការទទួលបានភ្ញៀវទេសចរជាច្រើនក្នុងមួយឆ្នាំៗ ខណៈក្រុមហ៊ុនសាងសង់បាននាំចូលនូវសម្ភារសំណង់ សម្រាប់ផ្គត់ផ្គង់ការសាងសង់នៅកម្ពុជា ដែលមានតម្លៃសមរម្យ។ ព្រមជាមួយគ្នានេះ និស្សិតខ្មែររាប់ពាន់ក៏ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនផងដែរ។
សូមជម្រាបថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន មានតម្លៃជាង៨ពាន់លានដុល្លារ កើនឡើង១.១% បើធៀបនឹងរយៈដូចគ្នា កាលពីឆ្នាំ២០២២៕