(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា នៅពេលដែលសម្តេចបានជួបពិភាក្សាការងារ ជាមួយមេដឹកនាំប្រទេសមួយចំនួន នៅលើភពិភពលោក ដែលរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន រួមទាំងប្រទេសផ្សេងៗទៀត សម្តេចតែងតែបានបញ្ជាក់ ជំហរនយោបាយរបស់កម្ពុជា ជាមួយបណ្តាប្រទេសទាំងនោះ ដោយកម្ពុជានៅតែរក្សានូវអ្វី ដែលធ្លាប់បានកសាងជាមួយគ្នា និងបន្តពង្រីកកិច្ចសហប្រតិបត្តិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកឡើងជំហរនយោបាយរបស់កម្ពុជា ជាមួយប្រទេសលើពិភពលោក របស់សម្តេចធិបតីនេះ ធ្វើឡើងបន្ទាប់ពីមានចម្ងល់មួយចំនួន ចង់ដឹងថា តើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា មានជំហរបែបណា ចំពោះទំនាក់ទំនងការបរទេស ជាមួយបណ្តាប្រទេសនានា ពិសេសជំហរនយោបាយចិនតែមួយ។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញ បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ដែលទទួលខុសត្រូវ ហើយជាពិសេស បន្តនូវអ្វីដែលសម្តេចតេជោបន្សល់ទុក ហើយរដ្ឋាភិបាលកម្ពុជា នៅអនាគតក្រោយពីខ្ញុំក៏ដោយ នៅតែបន្តគោលនយោបាយ ដើម្បីផលប្រយោជន៍ជាតិ សូមជឿចុះ នេះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បុព្វហេតុជាតិមិនដែលដូចទេ។ បងប្អូនសួរថា តើទស្សនកិច្ចនៅចិន ប្រកាន់ជំហរនយោបាយចិនតែមួយ ហើយថារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថ្មីនេះ ធ្វើដដែលនយោបាយចិន។ រឿងប្រកាន់ជំហរនយោបាយមិនប្រែប្រួលការបរទេសទេ មិនមែនតែខ្ញុំធ្វើជាមួយចិនទេ ខ្ញុំបានបញ្ជាក់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក៏គាត់ចង់ដឹងដែរ ថាគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មីយ៉ាងម៉េច ខ្ញុំជួបនៅហ្សាការតា ខ្ញុំប្រាប់គាត់ថាគោលនយោបាយយើងជាមួយជប៉ុន មិនប្រែប្រួល យើងនៅបន្តថែរក្សាពូនជ្រំ អ្វីដែលកសាងបាន និងបន្តពង្រីកថែមតទៅទៀត ជួបប្រធានាធិបតីកូរ៉េខាងត្បូង ក៏និយាយដូចគ្នា ប្រធានាធិបតីហ្វីលីពីន ក៏ដូចតែគ្នាដែរ ហើយជួបជាមួយនឹងគណៈប្រតិភូសភាអាមេរិក ជាមួយទូតអាមេរិក ក៏និយាយដូចគ្នា គោលយោបាយកម្ពុជា គឺនៅរក្សា និងបន្តនិរន្តភាព សង្គតភាពតទៅទៀត អីចឹងគ្មានអីប្លែកទេ»។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជំហរនយោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនថាដំណាក់កាលណា ឬជំនាន់ណានោះទេ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន៕