(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលប្រចាំការនៅកម្ពុជា គ្រោងនឹងអញ្ជើញរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចូលរួមក្នុងកិច្ចពិភាក្សាការងារកម្រិតខ្ពស់មួយ នាដើមខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតធនាគារនេះ នៅប្រទេសកម្ពុជា។
ការស្នើអញ្ជើញនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង លោករដ្ឋមន្រ្តី វេង សាខុន ជាមួយលោក Samiuela.T.Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នាទីស្ដីការក្រសួងកសិកម្ម ដោយលោកនាយក ADB រូបនេះ បានជម្រាបជូនលោករដ្ឋមន្ត្រីថា ADB ចង់អញ្ជើញលោករដ្ឋមន្ត្រី ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាការងារកម្រិតខ្ពស់មួយ ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើត និងការរួមចំណែករបស់ ADB ក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗ ខាងមុខនេះ។
លោក Samiuela.T.Tukuafu នាយក ADB បានបន្ថែមថា សម្រាប់ការប្រារព្ធពិធី អបអរសាទរខួបលើកទី៥០ នៅដើមខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងរៀបចំនូវព្រឹត្តិការណ៍ធំៗ ចំនួន២ រួមមាន៖ ទី១.កិច្ចពិភាក្សាកម្រិតខ្ពស់ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងតំណាងស្ថាប័ន ពាក់ព័ន្ធមួយចំនួន ដោយផ្តោតលើការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្នុងអំឡុងពេល៥០ឆ្នាំមកនេះ, ទី២.ការប្រកួតប្រជែងជាអត្ថបទ សម្រាប់និស្សិតកម្ពុជាស្តីពី ការរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងផ្ដោតលើវិស័យនានា ដែលធនាគារអភិវឌ្ឍន៍អាស៊ី អាចជួយដល់កម្ពុជាបាន។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី វេង សាខុន បានសម្ដែងនូវសេចក្ដីរីករាយ និងទទួលយល់ព្រមលើការអញ្ជើញរបស់ធនាគារអភិវឌ្ឍន៍អាស៊ីតាមសំណើខាងលើ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែជួយឧបត្ថម្ភដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងប្រទេសកម្ពុជា នាពេលកន្លងទៅ និងសម្រាប់ពេលអនាគត៕