(តាកែវ)៖ ថ្លែងអំពាវនាវចេញពីស្រុកបាទី ខេត្តតាកែវ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ រួមគ្នាឱ្យបានផុសផុល អបអរសាទរព្រឹត្តិការណ៍នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយរៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

សម្តេចបន្ថែមទៀតថា នៅពេលល្ងាចថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក៏នឹងមានការរៀបចំពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ដោយមានការផ្សាយផ្ទាល់គ្រប់ស្ថានីយទូរទស្សន៍ និងតាមប្រព័ន្ធអនឡាញផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រជាជនកម្ពុជាទាំងមូល ពិតមានមោទនភាពណាស់ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ដែលដូនតាយើងបានកសាងជាង១ពាន់ឆ្នាំមុន ដើម្បីចូលជាបេតិកភណ្ឌពិភពលោក ហើយជាមោទនភាពរបស់កូនខ្មែរទាំងអស់គ្នា សូមយកអបអរសាទរចំពោះ ការចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ស្អែកម៉ោង៧ព្រឹកនឹងមានការទូងស្គរ នៅតាមគ្រឹះស្ថានសាធារណៈ និងទីតាំងសាធារណៈ ហើយសូមប្រជាពលរដ្ឋយើងចូលរួម វាយអ្វីក៏បានបើអត់ស្គរ ដើម្បីបង្ហាញប្រាប់ព្រលឹងរបស់ដូនតាយើង រាប់ពាន់ឆ្នាំមុនដែលបានកសាងរមណីយដ្ឋានប្រាសាទកោះកេរ បានមើលមកវិញថា កូនចៅខ្មែរឆ្នាំ២០២៣ បានរួមគ្នា ហើយបានផុសផុលទទួលស្គាល់ និងអបអរសាទរនូវអ្វីដែលដូនតាបន្សល់ទុកឱ្យ។ យើងទូងស្គរនៅម៉ោង៧ព្រឹកស្អែក ហើយពេលល្ងាចយើងនឹងមានរៀបចំកម្មវិធីមួយ នៅស្តាតអូឡាំពិក ដើម្បីធ្វើការអបអរសាទរ។ លោកជំទាវ ភឿង សកុណា​ ក្រសួងវប្បធម៌ ស្ថាប័នពាក់ព័ន្ធជាមួយសាលារាជធានីភ្នំពេញ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំបំផុសបំផុល ក្នុងស្មារតីជាតិនិយម មិនថាបក្សណាៗទេ រឿងបោះឆ្នោត រឿងនយោបាយយើងខុសគ្នា ប៉ុន្តែនៅពេលដែលយើងលើកតម្កើនកិត្តិយសជាតិ លើកតម្កើនកេរ្តិ៍តំណែលដូនតាយើង យើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយ ក្នុងនាមជាកូនខ្មែរទាំងអស់គ្នា»

សម្តេចធិបតីបានយកឱកាសជួបសំណេះសំណាលជាមួយកម្មករនេះ ថ្លែងនូវការគោរពអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៦ និងអាណត្តិមុន ដែលបានជួយរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ទាំងរូបិយ និងអរូបិយ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាមោទនភាពរបស់កម្ពុជា ហើយសម្រាប់ប្រាសាទកោះកេរនេះ ត្រូវបានស្នើដាក់បញ្ចូលតាំងពីឆ្នាំ២០១៨មកម្ល៉េះ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនូវការអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សានូវសម្បត្តិបេតិកភណ្ឌរបស់ប្រជាជាតិ ក្នុងពេលដែលកម្ពុជា មានសុខសន្តិភាពពេញបរិបូណ៍។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ ខែកកញ្ញា ឆ្នាំ២០២៣។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕