(ព្រះវិហារ)៖ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ចូលទៅកាន់ឃុំយាង និងបន្តឆ្ពោះទៅភូមិមួយចំនួនទៀត ត្រូវមានការប្រុងប្រយ័ត្ន ដោយសារស្ថានភាពផ្លូវបានរងនូវការច្រោះដាច់ និងច្រោះខូចជាអន្លើៗ ប្រវែងជាង៣០គីឡូម៉ែត្រ ដោយជំនន់ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ នាដើមខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកអភិបាលស្រុកជាំក្សាន្តបានថ្លែងបញ្ជាក់ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា ដោយសារស្ថានភាពផ្លូវក្រាលគ្រួសក្រហមខាងលើជាតំបន់វាលទំនាបនោះ នៅរដូវវស្សាដែលទឹកភ្លៀងធ្លាក់ជោគជាំ តែងធ្វើឱ្យផ្លូវនេះរងការខូចខាតស្ទើររៀងរាល់ឆ្នាំ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ លោកបន្តថា ផ្លូវនេះគឺកសាងដោយកងវិស្វកម្មបានប្រហែលរយៈពេល ២ខែប៉ុណ្ណោះ មិនទាន់រួចរាលស្រួលបួលនោះទេ ក៏ត្រូវទឹកភ្លៀងនារដូវវស្សាធ្វើឱ្យខូចខាតដោយកន្លងវិញ។

លោក វុធ តារ៉ា ថ្លែងទៀតថា ផ្លូវដែលរងការខូចខាតចាប់ពីចំណុចភូមិកោងយោង ទៅកាន់ភូមិជាំស្រែប្រវែង ១៤គីឡូម៉ែត្រ ពីភូមិជាំស្រែ បន្តទៅកាន់ភូមិរស្មី ប្រវែង ៤គីឡូម៉ែត្រ ពីភូមិរស្មី ទៅកាន់ភូមិអន្ទិលប្រវែង៦គីឡូម៉ែត្រ និងពីភូមិអន្ទិលបន្តទៅកាន់ភូមិកំប្រាក់មានប្រវែង ១២គីឡូម៉ែត្រ សរុបចំនួន ៣៦គីឡូម៉ែត្រ។ លោកថា ក្នុងផ្លូវប្រវែង៣៦គីឡូម៉ែត្រខាងលើនេះ កន្លែងខ្លះត្រូវបានទឹកហូរច្រោះដាច់ និងនៅកន្លែងខ្លះទៀត ទឹកបានហូរច្រោះខូចជាអន្លើៗ ធ្វើឲ្យលំបាកក្នុងការធើ្វដំណើរឆ្លងកាត់ ។

លោក វុធ តារ៉ា បានថ្លែងប្រាប់ឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកបានណែនាំដល់អាជ្ញាធរគ្រប់ឃុំក្នុងស្រុកជាំក្សាន្ត ត្រូវចុះពិនិត្យវាយតម្លៃចំពោះផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង រួមមានផ្លូវកសាងដោយកងវិស្វកម្ម ផ្លូវអភិវឌ្ឍជនបទ ផ្លូវមូលនិធិឃុំ និងផ្លូវជំនួយផ្សេងៗ ដើម្បីលើកសំណើរជួសជុលឡើងវិញក្រោយអស់ទឹកភ្លៀង ដើម្បីសម្រួលទៅដល់ការធ្វើដំណើរពីភូមិមួយ ទៅកាន់ភូមិមួយ និងការដឹកជញ្ជូនកសិផលចេញពីទីជនបទដាច់ស្រយាល ទៅកាន់ទីផ្សាររបស់ប្រជាពលរដ្ឋមានភាពងាយស្រួលឡើងវិញ។

លោកអភិបាលស្រុកជាំក្សាន្ត ក៏បានថ្លែងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងកើតមានគ្រោះថ្នាក់ឡើងជាយថាហេតុ៕