(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ។ មានការចោទសួរច្រើនថា តើអ្វីទៅជាសមិទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅចិន?
ក្នុងសន្និសីទក្រោយដំណើរទស្សនកិច្ចនេះ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពិនិត្យឃើញសមិទ្ធផលសំខាន់ៗមួយចំនួនកើតចេញពីដំណើរទស្សនកិច្ច ដែលមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិនេះ។
សម្រាប់លោក ហ្សង់-ហ្វ្រង់ស័រ សមិទ្ធផលកើតនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យកម្ពុជា-ចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពយូរអង្វែងដែលជាមរតកនៃថ្នាក់ដឹកនាំជំនាន់មុន។ មិត្តភាពយូរអង្វែងដែលគ្រាបច្ចុប្បន្នក្លាយជាមិត្តភាពដែកថែប។
បន្ថែមពីលើនោះ កម្ពុជា និងចិន បានឯកភាពគ្នាបន្តធ្វើឱ្យស៊ីជម្រៅ ការបន្ស៉ីចូលគ្នានូវយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន ជាអាទិ៍លើវិស័យកសិកម្ម ថាមពល និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
មួយវិញទៀត កម្ពុជា តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជូនថ្នាក់ដឹកនាំចិន នូវជំហរនយោបាយរបស់កម្ពុជា ដែលនៅបន្តប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍នយោបាយចិនតែមួយ។
ក្រៅតែពីសមិទ្ធផលទាំង៣ខាងលើហើយនោះ សមិទ្ធផលដែលរឹតតែសំខាន់ថែមទៀតនោះ គឺផ្នែកសេដ្ឋកិច្ច។ ក្នុងដំណើរទស្សនកិច្ចសម្តេចធិបតី កម្ពុជា និងចិន បានចុះហត្ថលេខាឯកសារចំនួន១៥ រួមមានដូចជាផែនការសកម្មភាពក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន សម្រាប់ឆ្នាំ២០២៤-២០២៨ និងកិច្ចសហប្រតិបត្តិការស្តីពី «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ», ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
សម្រាប់លោក ហ្សង់-ហ្វ្រង់ស័រ កិច្ចសហប្រតិបត្តិការទាំងនេះ ជាសន្ទុះដល់ប្រទេសទាំងពីរឱ្យក្លាយទៅជាត្បូងពេជ្រពិតប្រាកដ។
«ភាគីទាំងសងខាងមិនបានអង្គុយជជែកគ្នាតែពីរឿងនយោបាយ ឬពីភូមិសាស្ត្រនយោបាយនោះទេ។ ភាគីទាំងសងខាងបានចំណាយពេលវេលាច្រើន សឹងថា៧០ភាគរយ ដើម្បីជជែករួមគ្នាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងគោលដៅអនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសចិន ទាញយកប្រយោជន៍ទៅវិញទៅមក ហើយក្នុងគោលដៅទីបំផុតនាំមកនូវឧត្តមប្រយោជន៍ជាតិ ធ្វើឱ្យជីវភាពរីកចម្រើនទៅមុខ»។ នេះជាការគូសបញ្ជាក់លោក ហ្សង់-ហ្វ្រង់ស័រ។
សម្រាប់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកលើកិច្ចការបរទេសរូបនេះ អ្វីដែលលោកលើកឡើង គឺឆ្លុះបញ្ចាំងការពិតនូវដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសចិន មិនមែននិយាយតែនយោបាយ ភូមិសាស្ត្រនយោបាយដូចការអត្ថាធិប្បាយមួយចំនួននោះឡើយ។ លោកបានបន្ថែមថា កម្ពុជា មិនមែនជាប្រទេសដូចគេថារណបខ្លាំងឡើងទៅប្រទេសចិននោះដែរ។ កម្ពុជាជាប្រទេសឯករាជ្យ៕