(ភ្នំពេញ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានបង្ហាញតួលេខថា គិតត្រឹមជាងកន្លះឆ្នាំ២០១៦នេះ(៧ខែ) មន្រ្តីកាំកុងត្រូល របស់លោក សហការជាមួយមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាបទំនិញខូចគុណភាពជិត៣០តោន ហើយទំនិញខូចគុណភាពទាំងនោះ ត្រូវបានយកទៅដុតកម្ទេចចោល អស់ហើយដែរ។
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលប្រចាំខែកក្កដា និងលើកទិសដៅបន្តទៀត ក្រោមវត្តមានលោក ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នៅក្នុងកិច្ចប្រជុំនេះលោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា សម្រាប់ទំនិញខូចគុណភាពជិត៣០តោត ដែលត្រូវបានបង្ក្រាប និងរឹបអូសបាននេះ ក្នុងនោះទំនិញនៅតាមទីផ្សារមានជាង១០តោន និងទំនិញតាមច្រករបៀង តាមច្រកទ្វារនានា និងតាមផ្លូវទឹកជាង១៦តោន។
អគ្គនាយកកាំកុងត្រូលរូបនេះ ក៏បានលើកឡើងនូវផលិតណែមដែលមន្រ្តីរបស់លោក ធ្វើការចុះបង្ក្រាប និងរឹបអូសនាពេលនេះ គឺពិតជាធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនៅពេលណែមលែងមានបញ្ហា ឬត្រូវបានកែច្នៃឡើងវិញត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ លោកនឹងធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋផងដែរ។
លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានណែនាំ និងប្រាប់ទៅមន្រ្តីរបស់ខ្លួន ទាំងអស់ត្រូវរក្សាភាពអត់ធ្មត់ជាទីបំផុត នៅពេលដែលចុះឆែកឆេរ និតរឹបអូសយកទំនិញ ពីសំណាក់ក្រុមអាជីវករលក់ដូរ ពីព្រោះការដកហូតទំនិញរបស់ពួកគាត់នោះ ពិតជាមានការខឹងសម្បារ និងអន់ចិត្តយ៉ាងខ្លាំង ប៉ុន្តែយើងក៏មិនត្រូវទុកឲ្យមានទំនិញខូចគុណភាព ទាំងនេះដាក់លក់នោះទេ ដែលនាំឲ្យមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ រាប់ពាន់ រាប់ម៉ឺននាក់ដែលទៅទិញទំនិញ និងផលិតទាំងនោះ យកមកប្រើប្រាស់ និងទទួលទាន។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោករដ្ឋមន្រ្តី ប៉ាន សូស័ក្តិ បានថ្លែងជំរុញឲ្យមន្រ្តីកាំកុងត្រូលទាំងអស់ ត្រូវបង្កើនសកម្មភាពចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារបន្តទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារ នៅក្នុងសង្គមកាន់តែមានភាពប្រសើរឡើង។ លោករដ្ឋមន្រ្តី បានបង្ហាញគោលបំណងថា លោកនឹងចូលរួមជាមួយក្រុមមន្រ្តីកាំកុងត្រូល ពេលចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារ នៅពេលដែលមានពេលវេលាសមស្របណាមួយ៕