(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា មានហេតុផលធំៗចំនួន៣ ដែលនាំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសចិន មុនប្រទេសជាមិត្តដទៃទៀតក្រោយឡើងកាន់តំណែង។
តាមរយៈសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ហេតុផលទាំង៣ ដែលនាំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមទស្សនកិច្ចនៅប្រទេសចិនរួមមាន៖
១៖ ជាទូទៅពេលមានថ្នាក់ដឹកនាំថ្មីឡើងកាន់តំណែងកំពូលនៃប្រទេស ថ្នាក់ដឹកនាំកំពូលនោះ តែងតែទៅបំពេញទស្សនកិច្ច នៅប្រទេសជាមិត្ត
២៖ ទស្សនកិច្ចនេះ ជារឿងព្រួញមួយបាញ់បានសត្វ២ ដោយការទៅបំពេញទស្សនកិច្ចនៅចិនថ្ងៃទី១៤-១៦ និងថ្ងៃ១៦-១៧ ឆ្លៀតចូលទៅណាននីង ដើម្បីចូលរួមពិព័រណ៍ រវាងចិន និងអាស៊ាន
៣៖ ទស្សនកិច្ចនេះ មានលក្ខណៈការទូត ដែលមានប្រវត្តិយូរលង់មកហើយ រវាងកម្ពុជា-ចិន ដែលឆ្នាំនេះជាខួប ៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។
លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ ក៏បានបន្ថែមថា សព្វថ្ងៃនេះ ចិនជាប្រទេសដែលផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាច្រើនជាងគេ ច្រើនលើសជប៉ុន ដែលជាប់លេខ២ និងច្រើនលើសអឺរ៉ុប ដែលចូលលេខ៣ បើប្រមូលផ្តុំគ្នា។ បើគេមើលវិនិយោគទុនបរទេសនៅកម្ពុជា ចិនជាប់លេខ១ ដែរ។
បន្ថែមលើនេះ បើមើលហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជា ដែលបាននិងកំពុងបន្តអភិវឌ្ឍន៍តទៅមុខទៀត ភាគច្រើនសុទ្ធសឹងជាជំនួយបានពីប្រទេសចិន។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សុទ្ធសឹងជា ឬនឹងក្លាយទៅជាសសៃឈាម ម៉ាក្រូ ឬមីក្រូ សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍនៃប្រទេសកម្ពុជា។
«ជាសង្ខេបប្រទេសចិន ដើរតួនាទីធំសម្បើមណាស់ នៅលើមាគ៌ាអភិវឌ្ឍន៍ប្រទេសកម្ពុជា។ តាមខ្ញុំយល់ អ្នកដទៃអាចថា ជាមូលហេតុមិនសាកសម ដែលជំរុញនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចមុនគេនៅប្រទេសចិន។ ប៉ុន្តែសម្រាប់ខ្ញុំមូលហេតុទាំង៣ គឺសាកសម សម្រាប់ជំរុញឱ្យនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចមុនគេ នៅប្រទេសចិន។ ប៉ុន្តែមិនមែនជាជម្រើសដាច់ខាតទេ»។ នេះបើតាម លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ។
សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នា២០២៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ នេះជាការចេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មី៕