(កំពង់ឆ្នាំង)៖ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹង ដែលកំពុងហូរគួចយ៉ាងខ្លាំងផងនោះ បានបណ្តាលឱ្យលង់ស្លាប់អណ្តែតតាមទឹកអស់រយៈពេលជាច្រើនម៉ោង ទើបរកឃើញសពក្មេងប្រុសរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចស្ពានបាញ់ឆ្គោល ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

លោក សំ សំណាង មេភូមិបាញ់ឆ្គោល បានប្រាប់ឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ សាំង លាភសុខរិទ្ធ អាយុ៦ឆ្នាំ មានបងប្អូនបង្កើត៣នាក់ ស្រីម្នាក់ រស់នៅជាមួយជីតាដែលមានអាយុ៨៦ឆ្នាំទៅហើយ ចំណែកឪពុករបស់គេត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងម្ដាយរបស់ពួកគេបច្ចុប្បន្នបម្រើការងារជាកម្មការិនីរោងចក្រនៅឯទីក្រុងភ្នំពេញ។

លោក សំ សំណាង បន្តថា នៅពេលកើតហេតុពួកគេពីរនាក់បងប្អូនបង្កើតប្រុសៗបានទៅកន្លែងខ្ទមលោកតា (ទីគោរពបូជា)មួយកន្លែងនៅមុខវត្តបាញ់ឆ្គោល ដែលទីនោះគេតែងយកសំណែនទៅសែន ហើយពួកគេទាំងពីរនាក់ក៏ធ្លាប់បានទៅទីនោះ ដើម្បីទទួលសំណែនពីលោកតា ដូចជាផ្លែឈើ នំចំណីលុយកាក់។ល។ដូចសព្វមួយដង តែចៃដន្យអាក្រក់កុមារារងគ្រោះក៏បានជាន់លើថ្មដែលមានស្លែកាន់នៅជាប់នឹងមាត់ទឹកស្ទឹង ហើយក៏បានរអិលជើងធ្លាក់ចូលទឹកស្ទឹងតែម្ដង។ ពេលនោះ បងប្រុសរបស់គេដែលមានអាយុ១២ឆ្នាំ ឃើញប្អូនធ្លាក់ចូលទឹកក៏បានចុះជួយផងដែរ តែមិនអាចជួយបានក៏រត់ទៅប្រាប់ចាស់ៗនៅក្នុងភូមិឱ្យមកជួយរកប្អូនរបស់គេ។

លោកបន្តថា ការរាវរកសពក្មេងប្រុសខាងលើនេះដោយមានប្រជាពលរដ្ឋក្នុងភូមិ និងកម្លាំងប្រជាការពារសរុបប្រមាណជាជិត៣០នាក់ ដែលបានរាវរកតាំងពីម៉ោង១២៖៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៤៖០០នាទីល្ងាច ទើបរកសពឃើញ។

លោកក៏បានបញ្ជាក់ដែរថា ដោយសារតែក្រុមគ្រួសារនេះមានជីវភាពក្រីក្រ ដូច្នេះការរៀបចំពិធីបុណ្យសព គឺមានតែអាជ្ញាធរ និងមានការចូលរួមពីប្រជាពលរដ្ឋទៅតាមសទ្ធា ដើម្បីបានថវិកាយកមកចាត់ចែងក្នុងកម្មវិធីបុណ្យសពតែប៉ុណ្ណោះ។ ចំណែកស្ត្រីជាម្ដាយរបស់សព បន្ទាប់ពីទទួលបានដំណឹងនេះក៏បានចេញមកពីភ្នំពេញ តែបើទោះជាម្ដាយមកដល់ផ្ទះក៏មិនមានប្រាក់កាសសម្រាប់ចាត់ចែងនៅក្នុងកម្មវិធីបុណ្យឲ្យកូននោះដែរ ករណីនេះគឺបន្ទុកមកលើអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីប្រជាពលរដ្ឋតែប៉ុណ្ណោះ៕