(ក្រចេះ)៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានព្រមានទៅដល់ក្រុមអ្នករកស៊ីត្រីនៅភូមិសាស្ត្រអភិរក្សសត្វផ្សោតថា ពួកគេនឹងត្រូវបញ្ជូនឈ្មោះទៅកាន់សាលាដំបូងខេត្តចាត់វិធានការច្បាប់ប្រសិនបើមិនព្រមប្រគល់ឧបករណ៍ឆក់ ហើយបញ្ឈប់សកម្មភាពរបស់ពួកគេទេនោះ។
ការប្រើឧបករណ៍ឆក់ ត្រូវបានអះអាងថាជាហេតុបង្កការគំរាមកំហែងដ៏ធំមួយសម្រាប់ជីវិតសត្វផ្សោត រួមទាំងធនធានជលផលនៅតាមដងទន្លេមេគង្គ។ ដើម្បីថែរក្សាសត្វផ្សោតដែលជាសត្វកម្រលើពិភពលោក ក៏ដូចជាការពារធនធានជលផលក្នុងភូមិសាស្ត្រខេត្តក្រចេះនោះ ខណ្ឌរដ្ឋបាលជលផលទាំងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានប្រឹងប្រែងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំទប់ស្កាត់បទល្មើសនេសាទនានា រួមមានការរាយមួងក្រឡាធំ និងសន្ទូចននង ជាពិសេសការប្រើឧបករណ៍ឆកន់នេះ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានលើកឡើងថា ការបង្ក្រាបបទល្មើសឆកជារឿងលំបាកមួយ។ ផលលំបាកនោះ គឺភូមិសាស្ត្រស្មុគស្មាញដងទន្លេធំ ជាពិសេសមធ្យោបាយរបស់ក្រុមឆក់នេះ ទូកកាណូតមានល្បឿនលឿន ជាហេតុនាំឱ្យក្រុមឆ្មាំលំបាកនឹងការដេញចាប់ពួកគេ។
ឈរលើមូលហេតុលំបាកក្នុងការបង្ក្រាប និងផ្តល់ឱកាសឱ្យជនប្រព្រឹត្តល្មើសកែខ្លួននោះ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានជ្រើសយកយន្តការអប់រំ និងលួបលោមឱ្យមុខសញ្ញា រកស៊ីឆក់ត្រីសហការប្រគល់ឧបករណ៍ឆក់ និងបញ្ឈប់សកម្មភាពល្មើសច្បាប់របស់ពួកគេ។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ នគរបាលការិយាល័យប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបូរ ស្រុកសំបូរ អញ្ជើញមុខសញ្ញានេសាទដោយឧបករណ៍ឆក់ត្រីចំនួន១៧នាក់ នៅភូមិចារថ្នោល ភូមិស្រែខឿន និងភូមិសំរោង ឃុំសំបូរ ដើម្បីណែនាំអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការធ្វើនេសាទខុសច្បាប់ដោយប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រី ហើយត្រូវប្រគល់វត្ថុតាងទាំងអស់ឱ្យសមត្ថកិច្ច និងអាជ្ញាធរ។
ជាលទ្ធផលក្នុងចំណោមមុខសញ្ញាដែលនគរបាលប៉ុស្តិ៍រដ្ឋបាលអញ្ជើញមក ១៧នាក់ គឺមានអ្នកមកចូលរួមទទួលការណែនាំតែ៧នាក់ប៉ុណ្ណោះ និងបានប្រគល់អាំងវែកទ័រឆក់ត្រីឱ្យមកសមត្ថកិច្ច បានចំនួន៣គ្រឿង (ប្រភេទឆក់ស្រូប១គ្រឿង និងប្រភេទឆក់ក្តៅ២គ្រឿង)។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដឹកនាំដោយលោក ភួង ទីណា មន្ត្រីនគរបាលនៃស្នងការដ្នាននគរបាលខេត្តក្រចេះ និងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបូរ បន្តកោះហៅជនសង្ស័យជាមុខសញ្ញាឆក់ត្រីចំនួន៩នាក់ រស់នៅភូមិចារថ្នោល និងភូមិសំរោង ឃុំសំបូរ ស្រុកសំបូរ ដែលមិនបានចូលខ្លួនតាមកោះហៅលើកទី១ ឱ្យសមត្ថកិច្ចជំនាញណែនាំ អប់រំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយត្រូវយកឧបករណ៍នេសាទខុសច្បាប់ទាំងអស់មកប្រគល់ឱ្យសមត្ថកិច្ច។
ជាលទ្ធផល មុខសញ្ញា៩នាក់ បានចូលមកតាមការកោះហៅចំនួន៦នាក់ និងប្រគល់អាំងវែកទ័រឆក់ត្រីបានចំនួន៣គ្រឿង (ប្រភេទឆក់ស្រូប២គ្រឿង និងឆក់ក្តៅ១គ្រឿង)។
ចំពោះអ្នកមិនព្រមចូលខ្លួនតាមការកោះពីរលើកកន្លងទៅនោះ សមត្ថកិច្ចជំនាញនឹងចេញលិខិតកោះឱ្យចូលខ្លួនជាលើកទី៣។ ប្រសិនបើមិនព្រមចូលខ្លួនទៀត មន្ត្រីជំនាញជលផលនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងដើម្បីចាត់ការតាមច្បាប់ស្តីពីជលផល។
លោក ម៉ុក ពន្លក «ទៅថ្ងៃមុខបើពួកគាត់នៅតែគេចវេសមិនព្រមចូលខ្លួន មិនស្តាប់ការណែនាំធ្វើកិច្ចសន្យាប្រគល់វត្ថុតាងមកយើងទេនោះ យើងនឹងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដោយយោងលើព័ត៌មានអាជ្ញាធរពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
ប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះចំណាត់ការរបស់មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ។ ពួកគេយល់ថា ការប្រឹងប្រែងបញ្ឈប់បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ នឹងចូលរួមចំណែកខ្ពស់កាត់បន្ថយការគំរាមកំហែងដល់ជីវិតសត្វផ្សោត និងធនធានជលផលទន្លេមេគង្គ៕