(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដឹកនាំកិច្ចប្រជុំមួយ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅសាលប្រជុំ នៃរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ ដោយមានការធ្វើសេចក្តីរាយការណ៍ ពីសំណាក់ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានជំនាញទាំង៥ ស្តីពីវឌ្ឍនភាព និងលទ្ធផលនៃការងាររបស់ខ្លួន នាសប្តាហ៍កន្លងមក។ កិច្ចប្រជុំនេះ ក៏ជាវេទិកាសម្រាប់ចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌការងារនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ ដើម្បីពន្លឿនសន្ទុះអភិវឌ្ឍនៃ វិស័យឧស្សាហកម្ម និងសិប្បកម្មនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងសប្តាហ៍កន្លងទៅ ហើយជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានជំនាញ បានពិភាក្សាស្វែងរកនូវគន្លឹះ និងដំណោះស្រាយនានាជាច្រើន ដើម្បីឆ្លើយតបឲ្យបាន ទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមផ្សេងៗ ដែលក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានជំនាញទាំងអស់បាន និងកំពុងជួបប្រទះ។
បន្ថែមពីលើការពិភាក្សា រកដំណោះស្រាយចំពោះបញ្ហា ប្រឈមនានា លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ ចំនួន០២ បន្ថែមទៀត ដល់មន្ត្រីជំនាញក្រោមឱវាទ ដើម្បីប្រសិទ្ធភាពការងារកាន់តែខ្ពស់ ដែលក្នុងនោះរួមមាន៖
ទី១-មន្ត្រីទាំងអស់ត្រូវដើរឲ្យទាន់ការរីកចម្រើន នៃបច្ចេកវិទ្យា។ ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ ត្រូវចេះUpdate ខ្លួនឲ្យទាន់បច្ចេកវិទ្យា ដូចជាបន្តឲ្យបានសកម្មថែមទៀត នូវការទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកតាម រយៈប្រព័ន្ធ Online ដូចជា WhatsApp និង Telegram ជាដើម។ គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក ជាពិសេសគិតចាប់ពីដើមអណត្តិទី៥ មក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំឲ្យមានប្រព័ន្ធទំនាក់ទំនង Online សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួង ដើម្បីឲ្យការទំនាក់ទំនងគ្នាក្នុងការងារ កាន់តែមានភាពរហ័ស អាចចដោះស្រាយបញ្ហាបានភ្លាមៗ និងទាន់ពេលវេលា ព្រមទាំងអាចទទួលនូវរបាយការណ៍ និងសំណូមពរនានា ពីតាមបណ្តាខេត្ត និងមូលដ្ឋានបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ដើម្បីរកដំណោះស្រាយឲ្យចំគោលដៅ និងមានប្រសិទ្ធភាព។
ទី២-មន្ត្រីទាំងអស់ ត្រូវខិតខំបន្តអានសៀវភៅបន្ថែមទៀត ដើម្បីអភិវឌ្ឍចំណេះដឹង។ ត្រង់ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានបណ្តុះនូវវប្បធម៌អានសៀវភៅក្នុងជួរមន្ត្រីរាជការ ដោយបានជម្រុញឲ្យមន្ត្រីក្រោមឱវាទ ត្រូវឆ្លៀតពេលទំនេរពីការងារ ដើម្បីអានសៀវភៅ ដែលជាប្រភពនៃចំណេះដឹង មិនត្រឹមតែមានប្រយោជន៍ សម្រាប់ការអនុវត្តការងារប៉ុណ្ណោះទេ តែថែមទាំងមានប្រយោជន៍ច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរ។
គួររំឭកផងដែរថា នៅព្រឹកថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានទទួលនូវសៀវភៅចំនួន២៤៦ក្បាល ពីមូលនិធិអាស៊ីប្រចាំនៅកម្ពុជា (The Asia Foundation) ដែលសៀវភៅទាំងអស់នោះ ជាប្រភេទសៀវភៅទាក់ទងនឹង បច្ចេកវិទ្យា វិទ្យាសាស្ត្រ របកគំហើញថ្មីៗ ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំជាដើម ដែលសុទ្ធតែមានប្រយោជន៍ មិនត្រឹមតែសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ប៉ុណ្ណោះទេ តែថែមទាំងសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវទូទៅផងដែរ ហើយសៀវភៅទាំងអស់នោះ នឹងត្រូវរក្សាទុកនៅក្នុងបណ្ណាល័យរបស់ក្រសួង សម្រាប់ឲ្យមន្ត្រីរាជការ និងសាធារណជនបានអាន ដើម្បីបង្កើនចំណេះដឹង៕