(ភ្នំពេញ)៖ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជ្រើស​យកប្រទេសចិន ជាប្រទេសបំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្រោយឡើងកាន់អំណាច នាំឱ្យមានការជជែកច្រើនលើនយោបាយការបរទេសរបស់សម្តេច។ ចម្ងល់បានលើកឡើង​ថា តើដំណើរទស្សនកិច្ចនេះ ជានយោបាយការ​បរទេស ដែលមានទំនោធ្ងន់ទៅកាន់​ប្រទេស​ចិនឬយ៉ាងណា?

លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរបញ្ជាក់ថា ក្នុងសន្និ​សីទសារព័ត៌មានក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេស​ចិននាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា នយោបាយការបរទេសរបស់កម្ពុជា គឺជា​នយោ​បាយ​ការបរទេស​មានទិសដៅច្បាស់លាស់ មានសកម្មភាពច្បាស់ ដែលសុទ្ធសឹង​ជា​បន្ទាត់នយោបាយ ដែលត្រូវបានអនុវត្តន៍មកយូរអង្វែងនៅចំពោះមុខពិភពលោក និងនៅ​ចំពោះមុខប្រទេសចិនដាច់ដោយឡែក។

លោកបន្តថា ចំពោះនយោបាយការបរទេសជាមួយចិន គឺនយោបាយការបរទេសដែល​តមក​តាំង​ពី​សម្តេច​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំកំពូលរបស់ចិន គឺលោក ជូ អេនឡាយ និងលោក ម៉ៅ សេទុង។ លោក ហ្សង់-ហ្វ្រង់ស័រ បន្តថា តាប់ចាប់តាំងពី​ឆ្នាំ​១៩៩៨មក នយោបាយការបរទេសកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំចិន បានសាកល្បងពង្រឹងទំនាក់ទំនងរហូតក្លាយជាមិត្តភាពដែកថែប។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកកិច្ចការការបរទេសអន្តរជាតិរូបនេះ បានគូសបញ្ជាក់ដូច្នេះ «នយោបាយការបរទេសរបស់កម្ពុជា មិនមែនជាបាយឡុក​បាយ​ឡទេ គឺជាសកម្មភាពនយោបាយដែលអនុញ្ញាតឱ្យរដ្ឋមួយដូចប្រទេសកម្ពុជា សម្រប​សម្រួល​ខ្លួន សម្របសម្រួលឥរិយាបថទៅក្នុងឆាកតំបន់ និងអន្តរជាតិ សុទ្ធសឹងជានយោ​បាយការបរទេស ដែលត្រូវការជាចាំបាច់នូវពេលវេលា និងការអនុវត្តន៍ជាក់ស្តែងក្នុងន័យ​ទាញ​ប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជាតិកម្ពុជា»

លោក ហ្សង់-ហ្វ្រង់ស័រ ក៏បានគូសបញ្ជាក់ថា នយោបាយការបរទេសកម្ពុជា មិនមែនជា​នយោ​បាយការបរទេសដាច់ដោយឡែករបស់បុគ្គលនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ តែជានយោបាយការបរទេស ដែលត្រូវរៀបចំឡើងដោយគណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះនាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា ត្រូវតែអនុវត្តន៍តាមបន្ទាត់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕