(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រីព្រមទាំងប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីចាក់ប្លង់សេព្រះវិហារវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទ លោកយាយ លោកតាលោក ញ៉ែម សំអឿន បានលើកឡើងថា ពិធីចាក់ប្លង់សេនេះ គឺជាពិធីមួយបង្ហាញពីទឹកចិត្តជ្រះថ្លារបស់ឧបាសក ឧបាសិកា សប្បុរសជន ជាពិសេសបង្ហាញពីកម្លាំងសាមគ្គី របស់ប្រជាជាតិខ្មែរ ដែលមានជំនឿ ជឿជាក់លើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោកអភិបាលខេត្ត បានបន្តថា សមិទ្ធផលវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលដល់ទីជនបទ គ្រប់ទីកន្លែង អាចបញ្ជាក់ឱ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្ដីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ។
ក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលនានាជាច្រើនដែលមានក្នុងទីអារាមនេះ ជាពិសេសនាឱកាសនេះបានរៀបចំពិធីចាក់ប្លង់សេព្រះវិហារ វត្តគិរីរតនារាម ដែលជាសមិទ្ធផលមួយថែមទៀតនៅក្នុងវិស័យពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន និងសិក្សារៀនសូត្រព្រះធម៌របស់ព្រះសង្ឃ។
ក្រោយពិធីចាក់ប្លង់សេព្រះវិហារ នៅវត្តគិរីរតនារាមរួចមក ក៏មានកម្មវិធីរាប់បាត្រ ព្រះសង្ឃចំនួន១៩អង្គ និងប្រគេនបច្ច័យជូនព្រះចៅអធិការវត្តចំនួន៤លានរៀល សម្រាប់ប្រើប្រាស់ផងដែរ៕