(បន្ទាយមានជ័យ)៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់បុរសម្នាក់ពាក់ព័ន្ធករណីឆបោក​ តាមពាក្យបណ្តឹងរបស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ម្ចាស់ហាងលក់គ្រឿងសំណង់ សំរឹត ហេងហេង នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យឈ្មោះ ម៉ុន ផល្លា អាយុ៣៥ឆ្នាំ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានចាត់កម្លាំង ជំនាញឱ្យធ្វើលិខិតកោះហៅ ឈ្មោះ ម៉ុន ផល្លា ចូលខ្លួនមកបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

ក្រោយកម្លាំងជំនាញសួរនាំ, ឈ្មោះ ម៉ុន ផល្លា បានរៀបរាប់ថា ខ្លួនពិតជាបានយកប្រាក់ថ្លៃទូទាត់គ្រឿងសំណង់ពីអតិថិជនចំនួន៣ទីតាំង បានប្រាក់សរុបចំនួន ៦.៥៣៤,៥$ ហើយយកទៅលេងល្បែង និងស៊ីចាយអស់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងចាប់ផ្ដើមឃាត់ខ្លួននៅវេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះហើយ៕