(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអបអរសាទរក្រោយការសម្រេចចុះបញ្ជីប្រាសាទកោះកេររបស់ខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៥ នៅប្រទេសអាប៊ីសាអូឌីត។

ក្រសួងការងារ បានលើកឡើងថា ជោគជ័យនៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀតបន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២, ២០០៨ និងឆ្នាំ២០១៧។ ទន្ទឹងនឹងនេះ ក្រសួងក៏បានគូសបញ្ជាក់ពីមហាទិគុណ ថ្វាយដល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលបានខិតខំតស៊ូព្យាយាមរៀបចំឯកសារចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននៅលទ្ធផលជាស្ថាពរជូនប្រទេសជាតិមាតុភូមិ។

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការកសាងប្រាសាទកោះកេររបស់ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកនៅសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្អឯក និងជាអរិយធម៌ដ៏ចំណាស់ដែលជាអត្តសញ្ញាណជាតិប្រកបដោយក្តីមោទនៈ សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់។

សូមបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំ លើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីម៉ោង ១២៖១៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ១៖២៨នាទី នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕