(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេចថា កម្ពុជាមិនរារែកក្នុងការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងឡាយ ដែលនាំប្រយោជន៍សម្រាប់កិច្ចអភិវឌ្ឍន៍នោះឡើយ។
លោក តាន់ ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចបែបនេះក្នុងសន្និសីទសារព័ត៌មានក្រោយដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងប្រទេសចិន។ ចិន ជាប្រទេសដំបូងគេដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសបំពេញទស្សនកិច្ចផ្លូវការក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។
បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលមានអតីតភាពជាអ្នកសារព័ត៌មានដ៏ល្បាញល្បីមួយរូប បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឈរលើមូលដ្ឋានសំខាន់ៗមួយចំនួន រួមមានការអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន, ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលចិនជាប្រទេសផ្តល់ជំនួយ និងវិនិយោគឈានមុខគេនៅកម្ពុជា។ បន្ថែមពីនោះ ដោយសារសម្តេចធិបតី ត្រូវចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង និងមួយវិញទៀត ជារបៀបរបបនៃទំនាក់ទំនងការបរទេស រាល់មេដឹកនាំប្រទេសទើបឡើងកាន់តំណែងថ្មីថ្មោង គឺតែងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាមិត្ត ដើម្បីរឹតចំណងមិត្តភាព។
ការប្រជែងអំណាចភូមិសាស្ត្រនយោបាយ បានធ្វើឱ្យចិន ក្លាយទៅជាប្រទេសត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និងប្រទេសប្រកាន់របបសេរីមួយចំនួនទៀត។ ត្រង់ចំណុចនេះ នាំឱ្យមានការលើកសំណួរថា តើដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននេះ អាចនាំឱ្យមានឧបសគ្គក្នុងការកសាងទំនាក់ទំនងល្អជាមួយអាមេរិក និងប្រទេសលោកសេរីដទៃទៀតដែរទេ?
លោក ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចថា របៀបធ្វើទំនាក់ទំនងរបស់ប្រទេសក្នុងពិភពលោកនាពេលបច្ចុប្បន្នមិនមានទម្រង់ផ្តាច់មុខដូចពេលសង្គ្រាមត្រជាក់នោះឡើយ។ ការធ្វើទំនាក់ទំនងរវាងប្រទេស និងប្រទេសបច្ចុប្បន្ននេះ គឺពឹងផ្អែកធំទៅលើកត្តាផលប្រយោជន៍។
«សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិមិនមែនផ្តោតទៅលើមនោគមន៍វិជ្ជានៅលើនយោបាយសុទ្ធសាធដូចកាលសម័យសង្គ្រាមត្រជាក់ទេ។ សព្វថ្ងៃនេះទំនាក់ទំនងអន្តរជាតិផ្តោតជាពិសេសលើមូលដ្ឋានសេដ្ឋកិច្ច មូលដ្ឋានប្រយោជន៍សេដ្ឋកិច្ចជាធំ នៅទីណាដែលនាំមកនូវប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យប្រជាជាតិកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខ កម្ពុជាអត់ត្រូវរារែកក្នុងការទាក់ទងជាមួយនោះឡើយ។ ទន្ទឹមហ្នឹង កម្ពុជា មិនចាត់ទុកប្រទេសណាជាសត្រូវនោះទេ»។ នេះជាការបញ្ជាក់របស់លោក ហ្សង់-ហ្វ្រង់ស័រ។
លោក ហ្សង់-ហ្វ្រង់ស័រ បានគូសរំលេចផងដែរថា ប្រទេសចិន នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ជាពិសេសការធ្វើឱ្យបន្ស៉ីគ្នាលើកិច្ចអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្ត្របច្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលលើកិច្ចអភិវឌ្ឍន៍ផ្នែកថាមពល និងកសិកម្មជាដើម៕