(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយភាគីឥណ្ឌូនេស៊ីថា ឥណ្ឌូនេស៊ីជាប្រទេសដែលកម្ពុជាបានបញ្ជូនកម្លាំង ទៅបណ្តុះបណ្តាលរាប់ពាន់នាក់ និងបញ្ចូនគ្រូជំនាញល្អៗមកបណ្តុះបណ្តាលនៅកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបន្ថែមទៀតថា ក្រៅពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានជួយឧបត្ថម្ភ និងបំពាក់សំភារៈបរិក្ខារមួយចំនួន មកដល់កងទ័ពកម្ពុជាផងដែរ។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃកម្ពុជា ធ្វើឡើងខណៈដែលលោក បានជួបសំដែងការគួរសមជាមួយ គណៈប្រតិភូរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹក ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦នេះ ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានអះអាងឲ្យដឹងថា «កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ពីមុនគឺមិនទាន់បានទូលំទូលាយ តែអាលូវនេះបាន ឯកភាពគ្នា ពង្រឹងឲ្យកាន់តែទូលំទូលាយ ថែមទៀត ដើម្បីឈានទៅដល់ការចុះអនុស្សារណៈជាមួយគ្នាឲ្យបានល្អប្រសើរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឲ្យបានគ្រប់ជ្រុងជ្រោយថែមទៀត។ កន្លងមកកម្ពុជា បានបញ្ជូនកម្លាំងទៅ បណ្តុះបណ្តាល នៅឥណ្ឌូនេស៊ី ហើយក្រុមឥណ្ឌូនេស៊ី ជានិច្ចកាលក៏បានបញ្ចូនគ្រូជំនាញៗជាច្រើននាក់ មកបណ្តុះបណ្តាលនៅកម្ពុជារាប់ពាន់នាក់។ ក្រៅពីនោះភាគី ឥណ្ឌូនេស៊ីក៏បានបំពាក់នូវ សំភារៈដល់កម្ពុជាផងដែរ»។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ទៀ បាញ់ បញ្ជាក់ថា ទាំងកម្ពុជា និង ឥណ្ឌូនេស៊ី នឹងសហការគ្នាឲ្យបានជិតស្និទក្នុងការពង្រឹងការការពារសន្តិសុខ សុវត្ថិភាព ឲ្យមានប្រសិទ្ធភាព និងមាន ការរីកចំរើនទៅមុខថែមទៀត។
គួរបញ្ជាក់ថា ជំនួបសំដែងការគួរសមនៅព្រឹកថ្ងៃដដែលនេះ ខាងភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែក ភាគីឥណ្ឌូនេស៊ី ដឹកនាំដោយលោក Ryamizard Ryacudu រដ្ឋមន្រ្តី ការពារជាតិឥណ្ឌូនេស៊ី៕