(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា និងលោកស្រី អេង គីមហ៊ាប អមដំណើរដោយលោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់អង្រែលើ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះលោក ហែម ដារិទ្ឋិ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

លោក ហែម ដារិទ្ឋិ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ មើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីសុវត្ថិភាពទាំងអស់គ្នាផងដែរ។

លោកស្រី ហួត ឃីម អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានឱ្យដឹងថា អំណោយដែលអនុសាខាកាកបាទក្រហមផ្តល់ជូនក្នុង ១គ្រួសារ រួមមាន ៖ អង្ករ ២៥គីឡូក្រាម, ឆ្នាំង០១, ខ្ទះឆា ០១, កំសៀវ ០១, ចានដែក ០១, ផ្តិលទឹក ០២, ថាស ០១, កន្ថោរ ០១, ចានស្រាក់ ០១, ទឹកត្រី ០២ដប, ទឹកស៉ីអ៉ីវ ០២ដប, ជ្រុញ ០១ និងថវិកា ៥ម៉ឺនរៀល ។ ដោយឡែក លោក ហែម ដារិទ្ធិ និងលោកស្រី អេង គីមហ៊ាប បានរូមចំណេកផ្តល់ជូនបន្ថែម ៥ម៉ឺនរៀលផងដែរ៕