(បាងកក)៖ ជាផ្នែកមួយដើម្បីទប់ស្កាត់អំពើភេរវកម្ម រដ្ឋាភិបាលថៃបានអនុវត្តវិធានការថ្មី ដែលតម្រូវឲ្យភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់ ប្រើទូរស័ព្ទដៃ ជាមួយនឹងស៊ីមកាត ដែលអាចឲ្យអាជ្ញាធរថៃអាចតាមដានបាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១០ ខែសីហា។
លោក Takorn Tantasith អគ្គលេខាធិការ នៃការិយាល័យគណៈកម្មាធិការសោតទស្សន៍ និងទូរគមនាគមន៍ជាតិ (NBTC) បានថ្លែងថា «បទប្បញ្ញត្តិថ្មីនេះ មិនមែនអនុវត្តទៅលើតែភ្ញៀវទេសចរណ៍បរទេសនោះទេ។ រាល់មនុស្សទាំងអស់ដែលមិនមែនជាជនជាតិថៃ នៅពេលទិញស៊ីមកាត ទាល់តែទូរស័ព្ទដៃនោះ ជាក្រុមហ៊ុនទូរស័ព្ទមានអាជ្ញាប័ណ្ណ»។
សម្រាប់ទូរស័ព្ទដៃដែលប្រើ Wi-Fi ក៏ត្រូវតែចុះឈ្មោះផងដែរ បើមិនដូច្នេះទេ រាល់ពេលចូលទៅកាន់ Wi-Fi គឺមិនអនុញ្ញាតឲ្យប្រើប្រាស់អ៉ីនធើណែត និង Voice data ឡើយ ជាពិសេសគឺមិនអាចខលសង្គ្រោះបន្ទាន់ទៅកាន់ប៉ូលិស ឬមន្ទីរពេទ្យឡើង។
កាលពីឆ្នាំ២០១៥ ទីភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់បរទេសបានព្រមានដល់អាជ្ញាធរថៃឲ្យមានការប្រុងប្រយ័ត្ន ព្រោះក្រុមឧទ្ទាម ISIS អាចនឹងធ្វើការ វាយប្រហារប្រទេសថៃ ប៉ុន្តែលោក Apichart Suribunya មេប៉ូលិសអន្តរជាតិថៃ (Interpol) បានលើកឡើងថា «ថៃទទួលបានការព្រមាននេះជាច្រើនដងមកហើយ»។
គួរបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍ និងកីឡាថៃ បានព្យាករណ៍ថា ពីខែមករា មកដល់ខែកក្កដាឆ្នាំនេះ មានភ្ញៀវទេសចរណ៍ចំនួន ១៩.០៦លាននាក់ បានមកទស្សនាប្រទេសថៃ បើធៀបនឹងឆ្នាំមុនកើនឡើង ១២ភាគរយ៕