(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង ចូលជួបសម្ដែងការគួរសមពិភាក្សា អំពីកិច្ចសហប្រតិបត្តិការការងាររវាង ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យកាន់តែរឹងមាំ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯកបិយវឌ្ឍន៍ កៀតកង និងប្រតិភូ ដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការងាររវាងស្ថានឯកអគ្គរាជទូតថៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនាមជាប្រទេសជិតខាងបងប្អូនល្អនឹងគ្នា ហើយជាពិសេសពង្រឹងពីកិច្ចសហប្រតិបត្តិការលើការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព ស្ថិរភាព រវាងប្រទេសទាំងពីរ។

លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង ក៏បានលើកឡើងដោយមានការណែនាំ ពីអនុព័ន្ធនគរបាលអមស្ថានទូតថៃចាស់ បានវាយតម្លៃ និងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កាលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះសីហនុ បានសហការការងារល្អជាមួយស្ថានទូតថៃ ជាពិសេសលើការងារការពារថែរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់ជនជាតិថៃ ដែលបានមករកស៊ី ធ្វើការ និងមកទេសចរណ៍កម្សាន្តនៅខេត្តព្រះសីហនុ។

កិច្ចការងារសហប្រតិបត្តិការនេះ គឺនៅតែបន្តឲ្យកាន់តែរឹងមាំថែមទៀតក្នុងនាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មកទទួលកាន់តែងថ្មីជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកក៏សំណូមពរដល់ លោកស្នងការបន្តជួយការពារសន្តិសុខ រក្សាសុវត្ថិភាព ដល់ជនជាតិថៃនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញផងដែរ។

លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀកកង ក៏បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិថៃ និងនគរបាលជាតិកម្ពុជា ពីមួយថ្ងៃទៅមួយកាន់តែល្អរឹងមាំ ជាពិសេសថ្មីៗនេះ អគ្គស្នងការរងនគរបាលជាតិថៃ និងឯកអគ្គរាជទូតថៃថ្មី បានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ការងារមួយចំនួនជាមួយ អគ្គស្នងការនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត ផងដែរ។ ជាពិសេសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បើគ្មានការប្រែប្រួលនោះទេ នាយករដ្ឋមន្រ្តីថ្មីថៃ និងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពកាន់តែរឹងមាំងរវាងថៃ និងកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានលើកឡើងឲ្យដឹងថា កាលពីលោកធ្វើជាស្នងការនគរបាលខេត្តព្រះសីហនុ គឺបានយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរ អ្នកនិយោគ គ្រប់ជាតិសាសន៍។ ដោយឡែអំពីកិច្ចសហប្រតិបត្តិការជាមួយអនុព័ន្ធនគរបាលអមស្ថានទូតថៃ កន្លងមកក៏បានធ្វើកិច្ចការងារជាមួយគ្នាច្រើនហើយដែរ នៅខេត្តព្រះសីហនុ។ នៅឯរាជធានីភ្នំពេញ នៅតែបន្តធ្វើកិច្ចការងារនេះបន្ថែមទៀតរវាងគ្នា ជាពិសេសគាំទ្ររាល់សកម្មភាពជនជាតិថៃ ដែលមកធ្វើការងារ រកស៊ី ឬមកទេសចរណ៍កម្សាន្តដោយស្របច្បាប់ ត្រូវតែយកចិតត្តទុកដាក់។

លោកស្នងការ ក៏បានអរគុណដល់នគរបាលជាតិថៃ ដែលបានជួយការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានទៅធ្វើការងារ និងរកស៊ីនៅប្រទេសថៃ ហើយក៏សំណូមពរដល់នគរបាលជាតិថៃ បន្តជួយថែទាំប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅធ្វើការងារ និងរកស៊ីនៅប្រទេសថៃ ឲ្យបានល្អផងដែរ៕