(កំពង់ឆ្នាំង)៖ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តទួល់មេត្រីហៅ (វត្តអាឡែង) ក៏ដូចជា ប្រជាពលរដ្ឋ និងព្រះសង្ឃនៅទូទាំងខេត្តកំពង់ឆ្នាំង បានអបអរសាទរចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការសម្រេចនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជននៅក្នុងការបញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។
ការចុះបញ្ជីប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូនាពេលនេះ ជាមោទនភាពជាតិខ្មែរយ៉ាងធំធេងជាថ្មីទៀត បន្ទាប់ពីប្រាសាទអង្គរវត្តត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក, ប្រាសាទព្រះវិហារ ក៏បានចុះបញ្ជីបេតិកភណ្ឌពិភពលោក, ប្រាសាទសំបូរព្រៃគុបក៏បានចុះបញ្ជីបីតិកភណ្ឌពិភពលោក។
ដំណឹងដ៏សប្បាយជារីករាយខាងលើនេះផងដែរ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រះគ្រូចៅអធិការវត្តទួលមេត្រីហៅ (វត្តអាឡែង) រួមនិងគណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មានក្តីរីករាយឥតឧបមា នឹងបានត្រៀមរួចជាស្រេចដើម្បីចូលរួមពិធីអបអរសាទរក្នុងការបញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូនីស្កូខាងលើនេះ ដោយព្រះសង្ឃនិងពុទ្ធបរិស័ទត្រៀមទូងស្គរ វាយជួង វាយរគាំង នៅក្នុងវត្ត ក៏ដូចជានៅតាមសាលាបុណ្យ សាលាឆទានផ្សេងៗ ក្នុងមូលដ្ឋានតាមថ្ងៃកំណត់របស់ក្រសួងធម្មការនិងសាសនា ដោយកំណត់ធ្វើឡើងព្រមៗគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៧៖០០នាទីព្រឹក ដោយមិនមានការអាក់ខានឡើយ។
ជុំវិញសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនានេះផងដែរលោក សរ លៀង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន fresh news នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះឲ្យដឹងដែរថា បន្ទាប់ពីលោកទទួលបានសេចក្តីណែនាំពីក្រសួង ធម្មការ និងសាសនា ពាក់ព័ន្ធនឹងការរៀបចំពិធីអបអរសាទរ ក្នុងការបញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូខាងលើនេះ លោកក៏បានប្រជុំជាបន្ទាន់ដើម្បីផ្សព្វផ្សាយទៅដល់តាមបណ្ដាទីវត្តអារាម និងថ្នាក់ដឹកនាំសាសនាផ្សេងៗ នៅទូទាំងខេត្ត ដើម្បីត្រៀមរៀបចំទូងស្គរ វាយជួង វាយរគាំង និងគោះត្រដោកឲ្យបានព្រមៗគ្នា ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទីព្រឹក ជាការអបអរនូវព្រឹត្តិការណ៍ដែលជាប្រវត្តិសាស្ត្រ និងជាមោទន ភាពជាតិយើងឲ្យបានគ្រប់ៗទីអារាម និងទីតាំងសាសនាផ្សេងៗនៅទូទាំងខេត្តផងដែរ៕