(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា សហការគ្នាជាមួយម៉ាឡេស៊ី បានចុះពិនិត្យព្យាបាលជំងឺទូទៅ ទឹកនោមផ្អែម និងបេះដូងជាដើម រួមទាំងធ្វើការផ្សព្វផ្សាយ ពីការចេះថែរក្សាសុខភាព ជូនប្រជាពលរដ្ឋ នៅក្នុងឃុំព្រងើល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយឥតថ្លៃ។
ក្នុងពិធីបើកការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ ដោយមានការចូលរួមពីលោក រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងអនុប្រធានចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា, លោក Dato' Haji Mohamad Daud bin Mohd Yusoff Yayasan Al Faqeh ជាម្ចាស់ជំនួយ និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្ត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិថ្លៃជូនពលរដ្ឋនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍។ លោកបន្ដថា សកម្មភាពនេះ ក៏បានជួយផងដែរដល់ពលរដ្ឋ លើការកាត់បន្ថយការចំណាយ ចំពោះការថែរក្សាសុខភាព ខណៈរាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងខ្លាំង ដើម្បីឲ្យប្រជាពលរដ្ឋមានសុខភាព។
លោក រ៉ូហ្វី អូស្មាន បានអំពាវនាវប្រជាពលរដ្ឋ ត្រូវបន្តថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីឲ្យការប្រកបរបរទទួលទានផ្សេងៗ បានប្រព្រឹត្តិទៅដោយរលូន ព្រោះសុខភាពមានសារសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប។ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរឥស្លាម កំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចទទួលនូវជំនួយពីសាសនិកឥស្លាមនៅទូទាំងពិភពលោក ដើម្បីបម្រើដល់ប្រយោជន៍ផ្សេងៗ ក៏ដូចជាជួយកាត់បន្ថយនូវភាពក្រីក្រ។
ជាមួយនេះ លោកតំណាងរាស្ដ្រ ក៏បានថ្លែងអំណរគុណផងដែរ ដល់ម្ចាស់ជំនួយប្រទេសម៉ាឡេស៊ី មកជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់នេះ ដែលបានឧបត្ថម្ភ និងគាំទ្រទាំងស្រុងលើថ្នាំព្យាបាល និងបរិក្ខាសុខាភិបាលផ្សេងៗ៕