(កណ្ដាល)៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ គឺបង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមអនុសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ដាស់តឿនក្រើនរម្លឹកជាប្រចាំ ដល់មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម គឺត្រូវស្រាវជ្រាវបង្ក្រាបឲ្យបានទាន់ពេលវេលា។
អនុវត្តតាមទិសស្លោក របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់ជំនាញ និងមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង ស្រុក ឲ្យយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវរាល់បទបញ្ជា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសតួនាទី ភារកិច្ចស្នូល។
ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ ដោយប្រើអាវុធខ្លី) កើតហេតុនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅពេលដែលជនរងគ្រោះចេញពីផ្ទះទៅបង្រៀនសិស្សនៅសាលាវិទ្យាល័យ ហើយប្រពន្ធ និងកូនៗចេញទៅលក់ដូរនៅផ្សារអស់ពីផ្ទះ។ នៅពេលប្រពន្ធជនរងគ្រោះត្រលប់មកផ្ទះវិញ ឃើញមានស្នាមគាស់ទ្វារផ្ទះ បង្អូច ទ្វារទូ ក៏ទូរសព្ទ័ ហៅប្តីឲ្យមកមើល និងបានរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថចុះស្រាវជ្រាវជាក់ស្តែង ទើបដឹងថាបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ដូចខាងក្រោម៖
* រថយន្តចំនួន១គ្រឿង ម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០២
* គ្រឿងអលង្ការមួយចំនួនគិតជាទឹកប្រាក់ជិត ១,០០០ដុល្លារ
* ប្រាក់រៀលចំនួន ៧,០០០,០០០រៀល។
បន្ទាប់ពីចុះត្រួតពិនិត្យកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ល្អិតល្អន់ រួចមកលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ និងដាក់បទបញ្ជាទិសដៅឲ្យជំនាញធ្វើការស្រាវជ្រាវតាមជំនាញ ទាំងយប់ទាំងថ្ងៃអស់រយៈពេល១៨ថ្ងៃ ទើបបង្ក្រាបបាន ក្រោយពីកំណត់មុខសញ្ញា និងស្វែងរកឃើញជនសង្ស័យ។
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សំ តុលា បញ្ជាដឹកនាំរួម និងចុះផ្ទាល់ដោយលោកវរសេនីយ៍ឯក ទូច អុីណាន ដឹកនាំកម្លាំជំនាញខេត្ត ស្រុកពាក់ព័ន្ធ សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសហការដឹកនាំរួមដោយស្នងការជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិសេសដោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងលោកស្រីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ និងការចូលរួមពីអាជ្ញាធរមូលដ្ឋានផងនោះ។
ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សារា វុទ្ធី ហៅ (សុជាតិ , សារ៉ាត់) អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ កំពុងលាងរថយន្ត (របស់ជនរងគ្រោះ) នៅផ្ទះជួល ស្ថិតក្នុង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពេលឃើញសមត្ថកិច្ចកងរាជអាវុធហត្ថភ្លាម ជនសង្ស័យរត់ចូលផ្ទះ ស្រាតខោអាវ សល់តែខោក្នុង រួចរត់ឡើងលើដំបូលផ្ទះឆ្លងពីមួយទៅដំបូលផ្ទះមួយទៀត ហើយលោតចុះដី ក៏ត្រូវកម្លាំងឡោមពទ្ធ័ចាប់បានតែម្តង។
ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំខ្លួនជនសង្ស័យ និងវត្ថុតាង រួមមាន៖
*ទី១៖ រថយន្តចំនួន១គ្រឿង ម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០២ របស់ជនរងគ្រោះ
*ទី២៖ ម៉ូតូចំនួន១គ្រឿងម៉ាក SCOOPY ពណ៍ស
*ទី៣៖ អាវុធខ្លី ចំនួន១ដើម ម៉ាកK54 គ្មានលេខ បង់ចំនួន១ មានគ្រាប់ចំនួន៤គ្រាប់
*ទី៤៖ ស្លាករថយន្តចំនួន២បន្ទះមុខក្រោយ និងស្លាកលេខម៉ូតូ ចំនួន២បន្ទះ
*ទី៥៖ ទូរស័ព្ទចំនួន២គ្រឿង និងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត
*ទី៦៖ ដែកកាងដំបូលរថយន្តចំនួន៤ដើម និងកាងកន្ទុយក្រោយពណ៍ទឹកមាសចំនួន១ (ដោះចេញពីរថយន្តជនរងគ្រោះ)
*ទី៧៖ សោររថយន្តចំនួន២គ្រាប់ សោរម៉ូតូចំនួន៤គ្រាប់ ដុំសោរម៉ូតូចំនួន២គ្រាប់
*ទី៨៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ជនសង្ស័យចំនួន៣សន្លឹក និងឯកសារមួយចំនួនទៀត។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សារា វុទ្ធី និងវត្ថុតាងខាងលើ ត្រូវបានជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ក្រោមការចោទប្រកាន់នូវបទល្មើស ទី១៖ លួចដោយមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ , កាច់ ក ម៉ូតូ), ទី២៖ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ និងទី៣៖ ក្លែងឯកសារសាធារណៈ (អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ, លិខិតលែងលះ)។
ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ តាមការស្នើសុំ និងមានការឯកភាពពីតំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល។ បច្ចុប្បន្នជំនាញកងរាជអាវុធហត្ថកំពុងបន្តស្រាវជ្រាវនៅមុខសញ្ញាពាក់ព័ន្ធផ្សេងៗទៀត៕