(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ដែលត្រូវជាម្ដាយបង្កើតរបស់ លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ក្នុងសាររំលែកទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ មានសេចក្ដីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង កាលពីថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:១៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌
ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹម បីបាច់ថែរក្សា និងអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ម្យ៉ាងវិញទៀតមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ក៏ជាការបាត់បង់នូវពុទ្ធសាសនិក ដ៏គំរូដែលតែងតែជួយគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់ គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ គីម ហង ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសមានចិត្តចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា»៕