(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានណែនាំដល់សមត្ថកិច្ចតាមព្រំដែនទាំងអស់ ត្រូវលុបបំបាត់បាតុភាពអសកម្មផ្សេងៗ ដែលបង្កការលំបាកដល់ពលករខ្មែរ នៅពេលធ្វើដំណើរចេញ-ចូល។
ក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចលើកដំបូង បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនោះ, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ដល់ថ្នាក់ដឹកនាំបណ្ដាអង្គភាពផ្សេងៗ នៅក្នុងគណៈកម្មការចំពោះកិច្ចនេះ ពិសេសសមត្ថកិច្ចតាមច្រកទ្វារព្រំដែន ត្រូវតែកែប្រែឥរិយាបថក្នុងការបំពេញការងារ ដោយធ្វើយ៉ាងណាឲ្យពលករដែលត្រូវចំណាកស្រុកចេញទៅក្រៅប្រទេស មានភាពកក់ក្ដៅក្នុងការទទួលសេវា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដោយក្នុងនោះសំខាន់គឺ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន ត្រូវជួបធ្វើការជាមួយភាគីថៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករចំណាកស្រុក។ លោកបញ្ជាក់ទៀតថា កន្លែងទៅបានការរិះគន់ជាបុគ្គល ពាក់ព័ន្ធការទទួលកម្រៃក្រៅផ្លូវការពីពលករ ដូច្នេះចំណុចនេះត្រូវលុបបំបាត់តែម្ដង។
ដើម្បីជាយន្ដការមួយផ្ដល់ភាពងាយស្រួលដល់ពលករចំណាកស្រុកនោះ ឧបនាយករដ្ឋមន្ដ្រី ប្រធានគណៈកម្មការចំពោះកិច្ច គ្រោងបង្កើតយន្ដការពិនិត្យមួយពីថ្នាក់ជាតិ ដើម្បីចុះត្រួតពិនិត្យតាមច្រកទ្វារតែម្ដង សំដៅទទួលយកបញ្ហាកង្វល់ និងដាក់ចេញវិធានការដោះស្រាយរបស់ប្រជាពលករ។ លើសពីនេះ លោកបានណែនាំឲ្យបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍មួយផងដែរ (Hotline) និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីពលករទាំងអស់អាចមានមធ្យោបាយរាយការណ៍មកថ្នាក់ជាតិ ទប់ស្កាត់រាល់បាតុភាពនានា។
គួរជម្រាបថា គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ដែលមានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
* តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន
* ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ
* ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន
* សិក្សាស្រាវជ្រាវលើប្រភពបញ្ញា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន
* រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់មិនប្រក្រតី
* ធ្វើការត្រួតពិនិត្យដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពតាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ
* ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ ចូលនៅច្រកទ្វារព្រំដែន
* ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន
* ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ
* លុបបំបាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន
* អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕