(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បាននឹងកំពុងដើរតូនាទីយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកសារព័ត៌មាន ដែលបានចូលជាសមាជិករបស់ខ្លូន។ បើយោងតាមលិខិតរបស់ ស.ស.ស.ក ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា
ទី១៖ អ្នកដែលចូលជាមានសមាជិកនឹងទទួលបានការពារស្របច្បាប់ និងសុច្ចរិតភាពរបស់សមាជិក ក្នុងវិស័យព័ត៌មាន ទី២៖ ផ្ដល់នូវវេទិកាសម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ
ទី៣៖ ផ្ដល់ការអប់រំបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានអ្នកសារព័ត៌មាន
ទី៤៖ ផ្ដល់ការគាំទ្រមូលនិធិសង្គម ដល់អ្នកសារព័ត៌មាន
ទី៥៖ ផ្នែកគាំពារការពារសិទ្ធិ និងសេរីភាពអ្នកសារព័ត៌មាន
ទី៦៖ ផ្ដល់ការប្រើប្រាស់យោបល់លើបញ្ហាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗ ក្នុងវិស័យព័ត៌មាន
ទី៧៖ ជួយកសាងបណ្ដាញទំនាក់ទំនង ជូនសមាជិក ទាំងក្នុងប្រទេស និងអន្ដរជាតិ។
ក្នុងលិខិតដដែលនេះក៏បានបន្ថែមពីកាតព្វកិច្ចរបស់សមាជិក ផងដែរ
ទី១៖ ការពារកិត្ដិនាម និងកិត្យានុភាពរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ទី២៖ គោរពតាម លក្ខនិ្ដកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្ដីសម្រេចនានារបស់ ស.ស.ស.ក
ទី៣៖ ត្រូវបង់ចំណែកវិភាគទានប្រចាំឆ្នាំដើម្បីទ្រទ្រង់ដំណើរការប្រតិបត្តិ ដោយក្នុងនោះសមាជិកស្ថាបនិក ត្រូវបង់១០០,០០០រៀលក្នុង១ឆ្នាំ រីឯសមាជិកពេញសិទ្ធិ ១២,០០០រៀលក្នុង១ឆ្នាំ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា បានរួមគ្នាបង្កើត «សហភាពសហព័ន្ធ អ្នកសារព័ត៌មាន (ស.ស.ស.ក)»។ ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោលបំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្រុមថ្នាក់ដឹកនាំមកពីស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា បានជួបគ្នាចងក្រងបង្កើត សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា។ ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times និង Kampuchea Thmey៕