(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានចេញសារអបអរសាទរដល់ ទិវាប្រវត្តិសាស្ត្រ ចំពោះការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ ខែកកញ្ញា ឆ្នាំ២០២៣។

ក្នុងលិខិតរបស់ព្រឹទ្ធសភាកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានសេចក្តីសោមនស្សរីករាយជាអតិបរិមា និងមានមោទនភាពជាតិខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានំប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ»

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ ដែលមានតម្លៃសកលពុំអាចកាត់ថ្លៃបាន និងជាមហាសមិទ្ធផលប្រកបដោយកិត្យានុភាពដ៏ខ្ពង់ខ្ពស់ ត្រដែតរបស់ប្រជាជាតិខ្មែរ ដែលទទួលបានការចុះបញ្ជីជាបន្តបន្ទាប់កើតចេញពីការខិតខំប្រឹងប្រែងឥតរា ថយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្រ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងការលើកកម្ពស់ និងថែរក្សាតម្លៃបេតិកភ័ណ្ឌជាតិ។

ប្រជាជាតិខ្មែរទាំងមូល សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយដល់ដួង ព្រះវិញ្ញាណក្ខន្ធ មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុក នូវសម្បត្តិវប្បធម ដ៏ល្អឯក ដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរពុំអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ៕