(ភ្នំពេញ)៖ សហភាពអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ ចូលរួមអបអរសាទរ ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សហភាពអង្គការសង្គមស៊ីវិល សូមសម្តែងនូវការអបអរសាទរប្រកបដោយក្តីរំភើបក្រៃលែង ដែលរមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈ ឬឆោកគ៌គ្យរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO នៅក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត (Arabic-Saudi) នៅវេលាម៉ោង១២ និង ១៨នាទី ត្រូវនឹងម៉ោង ០១និង២៣នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ដែលថា ប្រាសាទកោះកេរ ស្ថិតនៅឃុំត្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជារាជធានី របស់ព្រះបាទជ័យវម្មទេវទី៤ ដែលជាតំបន់មានបុរាណដ្ឋានប្រមាណ១៩៦ ក្នុងនោះមានប្រាសាទបុរាណ ចំនួន៧៦ មានប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ រហាលត្រពាំង និងទំនប់ជាដើមក្នុងវិសាលភាព ផ្ទៃដីទំហំជាង ៨,៧០០ហិកតា ដែលជាសិល្បៈអស្ចារ្យលើស្ថាបត្យកម្ម និងបដិមាធំៗ ដូចជាព្រះឥសូររ៉ា សិវលិង្គ ព្រះនរាយណ៍ ព្រះពហ្ម និងបដិមាទេពផ្សេងៗ ទៀតដែលប្រកបដោយសោភណ្ឌភាព និងរស់រវើក។

សហភាពអង្គការសង្គមស៊ីវិល សូមចងចាំជានិច្ចចំពោះព្រះរាជកិច្ចដ៏ខ្ពស់ខ្ពស់ និងស្វិតស្វាញបំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានខិតខំតស៊ូព្យាយាមរៀបចំឯកសាសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផល និងជំរុញឱ្យជោគជ័យដ៏ត្រចះត្រចង់នេះកើតមានឡើងជូនជាតិមាតុភូមិនៅពេលនេះ៕