(ភ្នំពេញ)៖ បន្ទាប់ពីប្រធាន «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» តារាសម្ដែង ចន ច័ន្ទលក្ខិណា បានចេញលិខិតមួយធ្វើការថ្កោលទោសធ្ងន់ៗទៅលើ លោក ហុង លីម អ្នកតំណាងរាស្ត្រអូស្ត្រាលី ដែលបានលើកឡើងថា របបនៅកម្ពុជាជា «របបតិរច្ឆាន» រួចមក សកម្មជនគណបក្ស សង្គ្រោះជាតិ លោក សោភ័ណ្ឌ ឡារី ជាតារាសម្ដែងមានឈ្មោះល្បីមួយដួងផងនោះ បានសរសេរបញ្ចេញមតិ ប្រកាសក្នុងបណ្ដាញសង្គម Facebook ជាសាធារណៈស្នើដល់សមាគម ឲ្យបញ្ឈប់យកឈ្មោះអ្នកសិល្បៈ និងនិយាយប្រាប់ប្រជាពលរដ្ឋទាំងមូល បែបនេះទៀតទៅ សកម្មភាពនេះនេះមិនមែនជារឿងសំខាន់ ប្រជាពលរដ្ឋចង់បានឡើយ កុំយករូបលោក និគ្រួសារទៅបូកជាមួយក្រុមមួយក្ដាប់តូច របស់អ្នកជាបន្ទាន់។
ឆ្លើយតបទៅនឹងការលើកឡើង ដោយគ្មានមូលដ្ឋាន និងភស្តុតាងរបស់សកម្មជនគណបក្ស CNRP គឺតារាសម្ដែង លោក សោភ័ណ្ឌ ឡារី នៅពេលនេះ «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលមានតារាសម្ដែង អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានសម្ដែងការសោកស្ដាយ និងតបវិញថា «ការលើកឡើងរបស់លោក (សោភ័ណ្ឌ ឡារី) គឺគ្រាន់តែជាការឆ្លៀតឱកាសកេងចំណេញនយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួនប៉ុណ្ណោះ គ្មានមូលដ្ឋាន និងភស្តុតាងណាមួយ យកជាការបានឡើយ»។
សមាគមដដែលបានបន្តទៀតថា «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មានសិទ្ធិគ្រប់គ្រាន់ ក្នុងការបញ្ចេញមតិ ដើម្បីការពារកិត្យានុភាពប្រទេសជាតិ និងសេចក្តីថ្នៃថ្នូរ របស់ប្រជាពលរដ្ឋកម្ពុជា។ នៅក្នុងករណីនេះលោក (សោភ័ណ្ឌ ឡារី) ពុំមែនជាអ្នកសិល្បៈនោះទេ ដូច្នេះសុំកុំភ្ជាប់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ ហើយលោកនិងក្រុមគ្រួសារលោក ពុំមែនតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលនោះទេ !»៕