(ព្រះសីហនុ)៖ សិក្ខាសាលាកម្ពុជា-ថៃ ស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានប្រារព្វឡើងថ្ងៃទី០៩ ដលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងលោក វីរ៉ូត វីរ៉ាឆៃ ប្រធានវិទ្យាស្ថាន ថានយ៉ារ៉ាក់ ប្រទេសថៃ។
ក្នុងសិក្ខាសាលានេះដែរក៏មានការចូលរួមពី តំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មណ្ឌលសុខភាពដែលមានបំពាក់សេវាព្យាបាល តំណាងមណ្ឌលរដ្ឋ និងឯកជន ចំណែកខាងភាគីថៃ មានតំណាងក្រសួងសុខភាពសារណៈ ក្រុមវេជ្ជបណ្ឌិតជំនាញខាងព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនផងដែរ។
សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងដើម្បីចែករំលែក បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ពង្រឹងសមត្ថភាពមន្រ្តីកម្ពុជា លើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅកម្ពុជា។
ក្នុងឱកាសនោះ លោក វីរ៉ូត វីរ៉ាចៃ បានលើកឡើងថា ដើម្បីឲ្យសហគមន៍អាស៊ានសម្រេច បាននូវគោលដៅ អាស៊ានគ្មានគ្រឿងញៀន គឺទាំងអស់គ្នាត្រូវតែធ្វើជាចាំបាច់ ក្នុងការបង្រ្កាបបទល្មើសពាក់ពន្ធ័គ្រឿងញៀន និងការព្យាបាលស្តារនីតិសម្បទា ជនរងគ្រោះដោយគ្រឿងញៀន សមាហរណកម្មពួកគេចូលក្នុងសង្គមជាតិវិញ។
បន្ថែមពីនេះ លោកក៏ បានសំណូមពរឲ្យក្រុមគ្រូពេទ្យ និងអ្នកពាក់ពន្ធ័ទាំងអស់កម្ពុជា-ថៃ ខិតខំជជែកពិភាក្សា ចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលល្អ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា អង្គសិក្ខាសាលារយៈពេលពីរថ្ងៃនេះ មានសារៈសំខាន់ណាស់ចំពោះអ្នកទាំងអស់គ្នា ដោយលោកបានបញ្ជាក់ថា «ការងារគ្រឿងញៀន ជាការងាររួមរបស់ យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាដោះស្រាយ ហើយការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីបង្ការ កាត់បន្ថយបានបទល្មើស សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសហគមន៍មូលដ្ឋាន»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណ ដល់ក្រសួងសុខភាពសាធារណៈថៃ ដែលតែងតែធ្វើការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា លើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ស្អិតរមួតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ស្តាប់ និងសិក្សាស្វែងយល់ពីខ្លឹមសារ ដែលបានបង្ហាញដោយក្រុមវេជ្ជបណ្ឌិតជំនាញថៃ និងជជែកពិភាក្សាដើម្បីយកចំណេះដឹងទាំងអស់នោះ ទៅពង្រឹងសមត្ថភាពព្យាបាល និងស្តារនីតិសម្បទានៅតាមមណ្ឌលឲ្យបានល្អប្រសើរបន្ថែមទៀត និងបានធ្វើសំណូមពរទៅភាគីថៃ ឲ្យជួយបន្តទៀត ដល់ភាគីកម្ពុជា៕