(ភ្នំពេញ)៖ ដើម្បីជាការអបអរសារទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការសម្រេចនូវបេសកកម្មដ៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន នៅក្នុងការបញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្តទាំងអស់ សហការឲ្យបានជិតស្និទ្ធបំផុត ជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនាផ្សេងៗទូទូំាងប្រទេស ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក ព្រមៗគ្នា ដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងជាទីមោទនកភាពជាតិនេះ។

តាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា គ្រប់វត្តអារាម វិហារសាសនា ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក ព្រមៗគ្នាតាមគ្រប់មធ្យោបាយដែលខ្លួន មាននៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ វេលាម៉ោង៧៖០០នាទីព្រឹក ឲ្យបានព្រមៗគ្នា កុំបីអាក់ខានឡើយ។

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្តែងនូវការអបអរសាទរ ប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមានមោទនភាពជាតិខ្ពង់ខ្ពស់បំផុត ប្រាសាទកោះកេរ របស់ខ្មែរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចបញ្ចូលរមណីយដ្ឋានជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ។

ប្រជាពលរដ្ឋបានគោរពកោតសរសើរ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៦ និងទី៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូព្យាយាមរៀបចំឯកសារ សុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូន ជាតិមាតុភូមិនៅពេលនេះ។

ការចុះបញ្ជី ប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ នាពេលនេះ ជាមោទនភាពជាតិខ្មែរយ៉ាងធំធេងជាថ្មីទៀត បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនិងប្រាសាទសំបូរព្រៃគុហ៍ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕