(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំ គឺមានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលវេទិកានេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ដែលមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ ចូលរួមផងដែរ។
សម្រាប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដំបូងនៃវេទិកាយុវជនលើកទី២ ជាលទ្ធផលនៃវេទិកាយុវជនថ្ងៃទី១ តាមរយៈគ្រូសម្របសម្រួលយុវជនទាំង ១១ សមាគមជាតិ ទទួលបាននូវការបណ្ដុះបណ្ដាលពីជំនាញទំនាក់ទំនងជាមូលដ្ឋាន ការប្រាស្រ័យទាក់ទងដោយពាក្យសម្ដី និងកាយវិការ, ការជ្រើសរើសខ្លឹមសារសម្រាប់ការនិយាយជាសាធារណៈប្រកបដោយភាពទាក់ទាញ និងចៀសវាងភាពភ័យខ្លាច ដែលនឹងនាំយុវជនទាំងអស់ឱ្យមានជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពក្នុងភាពជាអ្នកដឹកនាំវ័យក្មេង។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា។
លោកស្រីបានបន្ដថា «យុវជនទាំងអស់ក៏បានយល់ដឹងអំពីវិធីសាស្ត្រសម្រាប់បង្កើតមាតិកានិយាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម តាមរយៈការពិភាក្សាជាក្រុមទៅតាមសមាគមជាតិនីមួយៗ សាកល្បងបង្កើតមាតិកានិយាយរបស់ខ្លួន និងបំផុសគំនិតរួមគ្នាសម្រាប់មាតិកាអនឡាញរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមផងដែរ»។
សូមបញ្ជាក់ថា ក្នុងឱកាសបើកវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគេ្នយ៍ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារទ្រទ្រង់សកម្មភាពយុវជន អ្នកស្ម័គ្រចិត្ត បានអញ្ជើញជាអធិបតីភាព។
វេទិកាយុវជនលើកទី២នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម គ្រូសម្របសម្រួលវេទិកាយុវជន ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមទាំង១១ គ្រូទីប្រឹក្សា ក្លឹបយុវជនកាកបាទក្រហមកម្ពុជានៅរាជធានីភ្នំពេញទាំង២៤ យុវជនកាកបាទក្រហមកកម្ពុជា សរុបប្រមាណចំនួន ៨០នាក់។
ក្នុងឱកាសនោះលោក ពិត ចំណាន បានថ្លែងថា នេះជាថ្ងៃបើកកម្មវិធីវេទិកាយុវជនលើកទី២នេះ ដែលវេទិកានេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ ហើយកាលប្រារព្ធវេទិកាយុវជនលើកទី១ គឺបានធ្វើឡើងនៅប្រទេសព្រុយណេ។
វេទិកាយុវជនលើកទី២នេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជននៃសមាគមជាតិទាំង១១ ទទួលបានការបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈ ក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនាពេលបច្ចុប្បន្ន និងអនាគត។ វេទិកានេះក៏នឹងពិនិត្យរួមគ្នាលើការអនុវត្តសេចក្ដីថ្លែងការណ៍របស់យុវជននៃវេទិកាយុវជនលើកទី១ បានធ្វើឡើងនៅប្រទេសព្រុយណេ កាលពីឆ្នាំ២០២២ និងការពិនិត្យពិភាក្សារកបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង និងរកដំណោះស្រាយថ្មីរួមគ្នាក្នុងវិស័យមនុស្សធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍។
លោកបន្ដថា «វេទិកានេះក៏នឹងបើកឱកាសឱ្យយុវជនទាំងអស់នៅក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ បានជួបជុំគ្នា បង្កើតទំនាក់ទំនងកាន់តែជិតស្អិទខ្លាំងឡើងៗ ដើម្បីជជែកពិភាក្សាគ្នា រិៈរកគ្រប់មធ្យោបាយ រួមគ្នាដោះស្រាយបញ្ហារួមគ្នាផង និងដោយឡែកផង ពិសេសបញ្ហាប្រែប្រួលអាកាសធាតុ រួមទាំងកង្វល់នៃអនាគតរបស់ប្រទេសនីមួយៗ។ ហើយនេះក៏ជាឱកាសមួយឱ្យបណ្ដាលប្រទេសជាមិត្ដ បានស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្បាស់ ពិសេសទទួលបាននូវវប្បធម៌របស់កម្ពុជាយើង ដែលជាវប្បធម៌ដ៏ចំណាស់មួយក្នុងចំណោមវប្បធម៌ដទៃទៀតនៅលើពិភពលោក»។
ដូច្នេះក្រោយបញ្ចប់វេទិកាយុវជនលើកទី២នេះ យុវជនទាំងអស់នឹងបានយល់កាន់ច្បាស់ពីភារៈកិច្ច និងតួនាទីរបស់ខ្លួនកាន់តែច្បាស់ក្នុងការចូលរួមផ្ដល់សំឡេង និងជួយដល់សង្គមរបស់ខ្លួន កាន់តែមានភាពល្អប្រសើរឡើង ពិសេសការងារក្នុងវិស័យមនុស្សធម៌។ការបញ្ជាក់បន្ថែមរបស់លោក ពិត ចំណាន ។
វេទិកាយុវជនលើកទី២ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានរៀបចំរាំស្វាគមន៍ដល់ភ្ញៀវកិត្ដិយស បន្ទាប់មកការថ្លែងស្វាគមន៍តាមប្រព័ន្ធវីដេអូរបស់លោកស្រី Kathryn Clarkson ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម តាមប្រព័ន្ធវីដេអូ។
លោកស្រីបានគូសបញ្ជាក់ថា យុវជន ជាឆ្អឹងខ្នង ដែលធ្វើឱ្យចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើរទៅមុខបានដោយរលូន និងបានជោគជ័យក្នុងវិស័យមនុស្សធម៌រហូតមកដល់បច្ចុប្បន្ននេះ៕