(ហាណូយ)៖ តុលាការខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម ជាប់ព្រំដែននឹងប្រទេសចិននោះ បានសម្រេចប្រហារជីវិតមនុស្ស ១១នាក់ ក្រោយពីបានរកឃើញភស្តុតាងគ្រប់គ្រាន់ថាពួកគេ បានព្យាយាមរត់ពន្ធ គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួនជាង ២៨០ គីឡូក្រាមទៅកាន់ប្រទេសចិន ពីចន្លោះឆ្នាំ ២០១៣ ដល់ ២០១៤។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា។
សារព័ត៌មាន Bao Giao Thong របស់វៀតណាមក៏បានចេញផ្សាយផងដែរថា មនុស្ស ០២នាក់ទៀត ត្រូវបានកាត់ទោស ដាក់គុកអស់មួយជីវិតពីបទផ្សំគំនិតក្នុងរឿងរត់ពន្ធគ្រឿងញៀន ដ៏ច្រើនលើសលប់ខាងលើនេះ។ អ្នកដែលបានត្រូវកាត់ទោសរួចទាំង ១៣នាក់នោះ គឺស្ថិតនៅក្នុងចង្កោមជនសង្ស័យចំនួន ១៩នាក់ ដែលត្រូវបាន កងកម្លាំងប៉ូលិសវៀតណាម ធ្វើការចាប់ខ្លួននិងចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ពីខេត្តភាគខាងជើងវៀតណាម ទៅកាន់ប្រទេសចិន ដែលគិតជាទឹកប្រាក់ជិត ៤,៥សែនដុល្លារអាមេរិក។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ កន្លងទៅនេះគឺត្រូវបានចាត់ទុកជាឆ្នាំដែលវៀតណាម បានធ្វើការបង្ក្រាបគ្រឿងញៀន ធំជាងគេបង្អស់ ហើយជាលទ្ធផលតុលាការទីក្រុងហាណូយ បាននាំខ្លូនជនសង្ស័យចំនួន ២៩នាក់មកកាត់ទោស និងបានរឹបអូសព្រមទាំងធ្វើការបំផ្លាញចោលគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីន ប្រមាណជាង ១២តោនផងដែរ ខណៈដែលក្រុមឈ្មួញឧក្រិដ្ឋ បានព្យាយាមរត់ពន្ធពីវៀតណាម ឆ្លងចូលទៅកាន់ប្រទេសឡាវ និងចិន៕