(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះនៅសាធារណរដ្ឋប្រជាមានិតចិន បាននាំមកមកនូវលទ្ធផលផ្លែផ្កាដ៏ធំធេងជូនជាតិមាតុភូមិហួសពីការរំពឹងទុក នាំមកនូវសេចក្តីរីករាយ អបអរសាទរពីប្រជាជនកម្ពុជាគ្រប់ទិសទី។ នេះបើតាមលោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
បន្ទាប់ពីការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋប្រជាមានិតចិន លោកប្រធានាធិបតី ស៉ី ជីនពីន លោកប្រធានសភាតំណាងប្រជាជនចិន ចាវ ឡឺជី និងលោកនាយករដ្ឋមន្រ្តី លី ឈាង ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ធ្វើឲ្យស៉ីជម្រៅនូវការបន្ស៉ីគ្នាជាយុទ្ធសាស្រ្តរវាងយុទ្ធសាស្រ្តបញ្ចកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងផ្តោតលើការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
លើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេសទាំងពីរលើវិស័យកសិ-ឧស្សហកម្ម ហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូន អគ្គិសនី ថាមពល និងកម្មន្តសាល។ល។
ដោយឡែក សម្រាប់ខេត្តព្រះសីហនុ រយៈពេលជាង១០ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបាននូវការចាប់អារម្មណ៍វិនិយោគយ៉ាងគំហុកពីបណ្តាក្រុមហ៊ុនធុរកិច្ច និងការមកលេងដ៏ច្រើនកុះករពីអ្នកទេសចរណ៍ចិនធ្វើឲ្យខេត្តព្រះសីហនុមានការរីកចម្រើន កែប្រែមុខមាត់ស្រស់បំព្រងយ៉ាងឆាប់រហ័ស។ ក៏ប៉ុន្តែបន្ទាប់ពីប្រទេសកម្ពុជា និងពិភពលោកទាំងមូលបានឆ្លងកាត់គ្រោះមហន្តរាយនៃជំងឺកូវីដ១៩ ខេត្តព្រះសីហនុ បានធ្លាក់ក្នុងសភាពស្ងាត់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺទេសចរចិន អ្នកវិនិយោគទុនក៏មិនទាន់ឃើញវិលត្រឡប់មកវិញក្នុងទ្រង់ទ្រាយធំ បន្សល់នូវអគារសំណង់ខ្ពស់ៗជាច្រើនមិនទាន់ត្រូវបង្ហើយ ជីវភាពប្រជាជនខេត្តព្រះសីហនុនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយជារួមជួបការលំបាកជាងមុនមានជំងឺកូវីដ១៩។
ដោយមើលឃើញបញ្ហានេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលថ្មី សម្តេចបានខិតខំមិនចេះនឿយហត់ជម្រុញស្នើសមភាគីចិនដោះស្រាយញ្ហាទាំងនេះក្នុងក្របខណ្ឌទូទាំងប្រទេសផង និងដោះស្រាយបញ្ហាកកស្ទះនៅខេត្តព្រះសីហនុផង ដោយបានទទួលលទ្ធផលជាទីគាប់ចិត្ត តាមរយៈខ្លឹមសារជាលាយលក្ខអក្សរក្នុងសេចក្តីប្រកាសរួមកម្ពុជា-ចិន បានចែងយ៉ាងច្បាស់ថា ផ្តល់តួនាទីឲ្យបានពេញលេញដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបិត្តិការវិនិយោគ និងសមត្ថភាពផលិត ជាមួយនឹងទស្សនវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាគំរូនៃតំបន់សេដ្ឋកិច្ចពហុបំណង រួមគ្នាធ្វើការសិក្សាលើច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញបន្ថែមសហគ្រិនចិន ដែលមានសមត្ថភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជា។
ភាគីទាំងពីរឯកភាពគ្នាបង្កើនការផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ លើកទឹកចិត្តឧ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវប្បធម៍នៃប្រទេសទាំងពីរតាមរយៈការអភិវឌ្ឍគម្រោងរួមនៃផលិតផលទេសចរណ៍ ធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកលើការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍។ល។
ការដកស្រង់ខ្លឹមសារសេចក្តីប្រកាសរួមកម្ពុជា-ចិនខាងលើនេះដែលនឹងត្រូវយកមកអនុវត្តន៍នៅកម្ពុជានាពេលឆាប់ៗខាងមុខ ពិតជានាំមកនូវសេចក្តីសង្ឃឹម រីករាយក្រៃលែងសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជាពិសេសប្រជាជនខេត្តព្រះសីហនុ ក្នុងការបន្តការអភិវឌ្ឍចម្រើនរុងរឿងក្នុងសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕