(ពោធិ៍សាត់)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន៤នាក់ជាបន្តបន្ទាប់ ក្នុងករណីប្រើប្រាស់និងជួញដូរសារធាតុញៀន។
ប្រតិបត្តិការណ៍ខាងលើនេះធ្វើឡើងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ក្នុងប្រតិបត្តិការណ៍ខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងចាប់យកសម្ភារៈរួមមាន៖
ទី១-ឈ្មោះ ញ៉ វិច្ឆិកា (ហៅតាន) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាម្ចាស់ផ្ទះ)
ទី២-ឈ្មោះ រស់ វិច្ឆិកា (ហៅចាវ) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្ថុតាងចាប់យកបាន៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ថង់ផ្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន, បំពង់សម្រាប់ជក់ថ្នាំញៀនចំនួន៨បំពង់, ដែកកេះចំនួន១ដើម, ជំពាមកៅស៊ូចំនួន២ និងទូរស័ព្ទដៃចំនួន១គ្រឿង។
ប្រភពបានបន្តថា ក្រោយនាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើ មកធ្វើការសួរនាំជនសង្ស័យក៏បានសារភាព និងបានចង្អុលបង្ហាញអំពីអ្នកលក់គ្រឿងញៀនដែលខ្លួនបានទិញយកមកជក់ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏បន្តចុះបង្រ្កាបនិងឃាត់ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន១នាក់ នៅចំណុចហាងអ៊ុតសក់ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាកន្លែងដែលជនសង្ស័យទៅលាបពណ៌សក់)។
ក្រោយមក ក៏បានឃាត់ខ្លួនឈ្មោះ សូត្រ សុភ័ក្ត ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រឡាយធំ
ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាជួញដូរគ្រឿងញៀន)។ វត្ថុតាងចាប់យកបាន៖ ម្សៅក្រាមពណ៌សថ្លា នួន១កញ្ចប់ (ទម្ងន់០.១៨ក្រាម) ទូរស័ព្ទដៃចំនួន១គ្រឿង និងលុយមួយចំនួន។
ប្រភពបានបន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ កម្លាំងបានធ្វើការត្រួតពិនិត្យឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតជាប្តី ឈ្មោះ ម៉ម ពុទ្ធា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងឈើ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម លទ្ធផលវិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕