Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម ជំរុញឱ្យមន្រ្តីទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

10-08-2016 10:39

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហឹុម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួង សរុប១១៥រូប នៅទីស្ដីការក្រសួង ដើម្បីពិនិត្យលទ្ធផលការងារ និងដាក់ចេញទិសដៅពង្រឹងបន្ថែម នូវគុណភាព ប្រសិទ្ធភាព និងតម្លាភាពការងារ សម្រាប់ដំណាក់កាលបន្តទៅមុខទៀត។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រីបានស្នើដល់អង្គប្រជុំទាំងមូល ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ សំដៅធ្វើយ៉ាងណាដោះស្រាយបញ្ហា ឲ្យបានទាន់ពេលវេលា ហើយត្រូវចេះរួបរួមសាមគ្គីគ្នាក្នុងជួរមន្ត្រី និងថ្នាក់ដឹកនាំតាមឋានានុក្រម មុខងារភារកិច្ច គ្រប់ពេលវេលា និងគ្រប់ការងារ។

លោកបានបន្ថែមថា ការខ្វះខាត ឬខុសឆ្គង សូមឲ្យជួយកែលម្អគ្នាទៅវិញទៅមក ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាល។

ជាមួយនឹងការផ្ដាំផ្ញើខាងលើ លោកទេសរដ្ឋមន្រ្តី ក៏មិនភ្លេចការអំពាវនាវជំរុញឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយត្រូវទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នាកុំបីខាន៕