(ភ្នំពេញ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា នៅក្នុងពិភពលោក, ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានប្រជាជនទទួលទានត្រីខ្ពស់ជាងគេបំផុត ពោលគឺពលរដ្ឋមួយរូប ទទួលទានត្រីប្រមាណ ៥៧.៣គីឡូក្រាម ក្នុងមួយឆ្នាំ។

ការគូសបញ្ជាក់បែបនេះ​ ធ្វើឡើងក្នុងឱកាសដែល កញ្ញា អ៊ឹម រចនា អញ្ជើញបើកដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោយប្រមូលផល ដែលទទួលផលពីគម្រោង CAPFish។ ពិធីនេះ បានរៀបចំធ្វើឡើង នាសាលប្រជុំសែនពិដោរ នៃក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា «នៅក្នុងពិភពលោក ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានប្រជាជនទទួលទានត្រីខ្ពស់ជាងគេបំផុត ពោលគឺពលរដ្ឋមួយរូប ទទួលទានត្រីប្រមាណ៥៧.៣គីឡូក្រាម ក្នុងមួយឆ្នាំ នេះបើតាមតួលេខឆ្នាំ២០១៩ និងខ្ពស់បំផុត ក្នុងឆ្នាំ២០១១ រហូតដល់ ៦៣.២គីឡូក្រាម ក្នុងមួយឆ្នាំ បើធៀបទៅនឹងអត្រាមធ្យម នៃពលរដ្ឋទទួលទានត្រី ក្នុងពិភពលោក ត្រឹមតែ ២០.៥គីឡូក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ»

ទន្ទឹមគ្នានេះ កញ្ញា អ៊ឹម រចនា បានលើកឡើងថា ធនធានជលផល និងវារីវប្បកម្ម គឺជាប្រភពនៃអាហារូបត្ថម្ភ ការងារ មុខរបរ និងអត្ថប្រយោជន៍ផ្នែកសង្គម សេដ្ឋកិច្ចនិងវប្បធ៌ម។ ស្របពេលដែល ប្រជាពលរដ្ឋកម្ពុជា ជាង៣លាននាក់ ពឹងផ្អែកដោយផ្ទាល់ លើធនធានជលផល ដើម្បីចិញ្ចឹមជីវិត។

កញ្ញា អ៊ឹម រចនា បានឲ្យដឹងផងដែរថា ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃជលផល ក្រោយប្រមូលផល គឺជាកិច្ចការចាំបាច់បំផុត ដើម្បីសម្រេចបានគោលដៅបង្កើន ផលិតភាព កសិកម្មដូចមានចែង នៅក្នុងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យកសិកម្ម (ASDP 2019-2023) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កញ្ញា បានបន្ថែមទៀតថា ​ដើម្បីរួមចំណែកសម្រេចបានគោលដៅនេះ រដ្ឋបាលជលផល បានរៀបចំបង្កើត និងអនុវត្តក្របខ័ណ្ឌផែនការ យុទ្ធសាស្រ្តសម្រាប់វិស័យជលផល (SPF 2015-2024) ដែលផ្តោតលើការគ្រប់គ្រងនេសាទផលជលផលទឹកសាប សមុទ្រ វារីវប្បកម្ម ខ្សែច្រវ៉ាក់តម្លៃ និងបទបញ្ញត្តិ និងសេវាពាក់ព័ន្ធ។

បន្ថែមពីនោះទៀត កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផ្តោតការយកចិត្តទុកដាក់ ជាពិសេស លើបច្ចេកវិទ្យាកែច្នៃ និងគ្រប់គ្រងគុណភាព ដើម្បី ធានាថា ផលផលិតផលជលផលកម្ពុជា មានទាំងគុណភាព និងសុវត្ថិភាពដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

ជាមួយគ្នានេះ​ កញ្ញា អ៊ឹម រចនា ក៏បានបញ្ជាក់ផងដែរថា សុវតិ្ថភាពម្ហូបអាហារ គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល សុវត្ថិភាពម្ហូបអាហារនេះ មិនត្រឹមតែជាកង្វល់ សម្រាប់សុខភាពសាធារណៈ ប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ សម្រាប់ប្រកួតប្រជែងពាណិជ្ជកម្មលក្ខណៈអន្តរជាតិផងដែរ៕