(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ នៅតែបន្តពង្រឹងតួនាទីរបស់កម្ពុជាក្នុងអាស៊ាន ពង្រឹងអភិបាលកិច្ច និងពង្រីកតួនាទីរបស់វិស័យឯកជន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកលលោក ក្រោមក្របខណ្ឌអាស៊ាន អាស៊ានជាមួយដៃគូ និងអាសិប ដើម្បីទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់។

ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារ បើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលប្រារព្ធឡើង នៅទីក្រុងណាននីង តំបន់ក្វាងស៉ី ប្រទេសចិន នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបង្ហាញក្ដីសង្ឃឹមថា ពិព័រណ៍ និងកិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរអំពីកាលានុវត្តភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងបង្កើតទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងអាសិប ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថាការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ពោលគឺក្នុងឆ្នាំ២០១២ និង២០២២។ សម្រាប់ក្របខណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។

ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើង នាពេលបច្ចុប្បន្ន តួនាទីរបស់អាសិបរឹត តែមានសារៈសំខាន់ ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យបន្តបញ្ជ្រាបពីសារៈសំខាន់ របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញ និងគាំទ្រលទ្ធភាពរបស់ពួកគេ ក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។

សម្តេចផ្តល់យោបល់ឱ្យសមាជិកអាសិប គួរចាប់ផ្តើមពន្លឿនការបញ្ចប់នីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដែលមានសក្តានុពល៕