(ត្បូងឃ្មុំ)៖ អំណោយសប្បុរសធម៌ប្រជាជនកូរ៉េខាងត្បូង មានដូចជាសម្លៀកបំពាក់២០០០កំប្លេ និងសម្ភារៈនានា សរុបទឹកប្រាក់៤៥,០០០ដុល្លា ត្រូវបានចែកជូនសិស្សានុសិស្ស និងពលរដ្ឋមានជីវភាពខ្វះខាតប្រមាណ១០០០នាក់ នៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈសាលាបច្ចេកទេស ជីនហេ និងក្រុមស្ម័គ្រចិត្តដើម្បីស្នាមញញឹម នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ការចុះចែកអំណោយសប្បុរសធម៌នេះដឹកនាំដោយលោក គីម ជីនវុគ ជាប្រធានក្រុមស្ម័គ្រចិត្តដើម្បីស្នាមញញឹម ដែលពិតជាមានក្តីសប្បាយរីករាយណាស់ ដែលបានចុះជួបជាមួយសិស្សានុសិស្ស និងប្រជាជននៅស្រុកអូររាំងឪ ដែលជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ហើយពួកគាត់នឹងនៅតែបន្តសកម្មភាពសប្បុរសធម៌នេះ ជាបន្តបន្ទាប់នៅខេត្តផ្សេងទៀត។

លោក គីម ជីនវុគ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល សូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ចំពោះអំណោយចែកជូន ក្នុងនោះប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ក្នុង១គ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ មី១កេះ អាវ២ឈុត នំបុ័ង និងទឹកដោះគោ។ សិស្សានុសិស្សចំនួន៤០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៉ិច ខ្មៅដៃ បន្ទាត់ ជ័រលុប ប្រដាប់ខួង១ឈុត ខោអាវ១ឈុត ទឹកដោះគោ និងនំប៉័ង និងប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីប្រមាណជិត៤០០នាក់ ក្នុងម្នាក់ៗទទួលបាន ខោអាវ២ឈុត នំប៉័ង និងទឹកដោះគោ។

សូមជម្រាបថា នេះគឺជាលើកទី២ហើយ ដែលមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ជីនហេ និងក្រុមស្មគ្រ័ចិត្តដើម្បីស្នាមញញឹមបានចែកអំណោយសប្បុរសធម៌ ដោយលើកទី១បានធ្វើកាលពីឆ្នាំ២០១៨។

ចំពោះមជ្ឈមណ្ឌលបណ្តុះបណ្តាលជីនហេ គឺជាមជ្ឈមណ្ឌលបញ្ជូនពលករខ្មែរទៅធ្វើការសាធារណរដ្ឋកូរ៉េខាងត្បូង ប្រភេទទិដ្ឋការ E7 ផ្នែកផ្សារដែក (កប៉ាល់) ជាច្រើនពាន់នាក់ដោយស្របច្បាប់ផងដែរ៕