(បាត់ដំបង)៖ តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុយភូមិ ព្រមទាំងប្រគល់បណ្ណសរសើរនិងរង្វាន់លើកទឹកចិត្តជូនសិស្សពូកែប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ក្រុងបាត់ដំបង។
ពិធីនេះធ្វើឡើងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានចម្រើនសិរីមង្គលចំការដូង ក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក ធូ ភា អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក ខែម រស្មី ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនឌូវី លោកតំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរនានាពាក់ព័ន្ធផ្សេងទៀត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតា បិតាសិស្ស ចូលរួមជាច្រើននាក់។
លោក ខែម រស្មី បានបញ្ជាក់ពីលទ្ធផលលោកគ្រូ អ្នកគ្រូ បានខិតខំបង្រៀនសិស្សទាំងចំណេះទូទៅ វិទ្យាសាស្រ្ត បច្ចេកទេសដល់សិស្សានុសិស្ស បានលទ្ធផលល្អប្រសើរបំផុត ព្រមទាំងកោតសរសើរដល់សិស្សដែលបានខិតខំរៀនសូត្របានលទ្ធផលជាសិស្សពូកែ ព្រមទាំងទទួលបានវិញ្ញាបនបត្រ បណ្ណសរសើរពីសាលាថែមទៀតផង ក្នុងនោះមានថ្នាក់មតេយ្យសិក្សា ថ្នាក់បឋមសិក្សាថ្នាក់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិនៃសាលាចំណេះទូទៅខ្មែរ និងសាលាចំណេះទូទៅអាមេរិកាំង។
លោក ធូ ភា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានខិតខំយកចិត្តទុកដាក់ចូលរួមកសាងធនធានមនុស្ស មានការកើនឡើងជារាល់ឆ្នាំនេះជាការរួមចំណែកប្រកួតប្រជែងលើវិស័យអប់រំជាអាទិភាព ដែលរាជរដ្ឋាភិបាលបានកំណត់រួចកន្លងមក។
លោកបានបន្តថា ត្រូវយកចិត្តទុកដាក់ និងទប់ស្កាត់ពីបញ្ហាគ្រឿងញៀននៅតាមសាលា ក្នុងបទបញ្ជាផ្ទៃក្នុងរបស់សាលា រឹតបន្តឹងវិន័យ សីលធម៌ផងដែរ។
យើងត្រូវកសាងពួកគេឲ្យក្លាយជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិ សាលាត្រូវបង្កើត និងពង្រឹងសមត្ថភាពខ្លួនឯង និងសិស្សដែលបានរៀនសូត្រក្នុងសាលានេះ គឺខំប្រឹងប្រែងរៀនសូត្រពូកែត្រូវជៀសវាងនៅឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីទុកពេលវេលាគ្រប់គ្រាន់រៀនសូត្រពូកែ មានចំណេះដឹងដល់ខ្លួនសម្រាប់កសាងសង្គមជាតិយើងមានការរីកចម្រើននាពេលអនាគត់ផងដែរ។
លោកផ្តាំផ្ញើដល់អង្គពិធីថា បន្ទាប់ពីការអប់រំនេះហើយ យើងមិនភ្លេចទេក្នុងវិស័យផ្សេងទៀតនិង ជាពិសេសត្រូវយកចិត្តទុកដាក់ពីអនាម័យ បរិស្ថាននៅទីក្រុង និងជនបទគ្រប់ទីកន្លែង ត្រូវស្អាតជានិច្ចសម្រាប់រស់នៅប្រចាំថ្ងៃ មានសុខភាពល្អទាំងអស់គ្នា៕