(ភ្នំពេញ)៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រថៃ គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

ដំណឹងនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថ្មីថៃ មកកាន់កម្ពុជា បង្ហាញឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តបតាមការញ្ជើញរបស់លោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងបាងកក ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣។​

នៅក្នុងឱកាសទស្សនកិច្ចការងារនេះ លោកស្រីបណ្ឌិត រដ្ឋលេខាធិការ និងលោកលេខាធិការអចិន្ត្រៃយ៍ បានពិភាក្សាយ៉ាងផុសផុលអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានផ្តោតការពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

លោកស្រីបណ្ឌិត រដ្ឋលេខាធិការ និងលោកលេខាធិការអចិន្ត្រៃយ៍ មានជំនឿយ៉ាងមុតមាំថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិសយ័របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រទាំងពីរនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ៕