(ណាននីង, ចិន)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនទៀត។ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។
ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីបញ្ហាមួយចំនួនបង្កឡើងជំងឺកូវីដ-១៩។ សម្រាប់សម្តេចធិបតី ជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយ របស់មនុស្សជាតិត្រូវបានធ្លាក់ចុះ។ បន្ថែមពីលើនោះ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បច្ចុប្បន្នពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ឆ្លើតតបនឹងបញ្ហាទាំងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចការធ្វើពាណិជ្ជកម្មដើរតួនាទីសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចធិបតីបន្តថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។ ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ដែលអាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាព វិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ ចិន និងអាស៊ានក៏ត្រូវពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី៕