(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា មិនមានការឈូសឆាយបំផ្លាញព្រៃឈើនៅលើដីព្រៃរុក្ខទិវា ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដូចការផ្សព្វផ្សាយមួយចំនួននោះឡើយ។ លោកអភិបាលខេត្តបញ្ជាក់ថា ការធ្វើផ្លូវត្រូវបានក្រុមហ៊ុនរុករករ៉ែដែកធ្វើឡើងចូលទៅសិក្សារករ៉ែដែក និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តព្រះវិហារ ចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីមានព័ត៌មានចេញផ្សាយថា ក្រុមហ៊ុនគ្លូប៊លហ្គ្រីនឈូសបំផ្លាញកូនឈើនៅតំបន់ព្រៃរុក្ខទិវាក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង។
ឆ្លើយតបនឹងការផ្សព្វផ្សាយនេះ លោក គីម រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនគ្លូប៊លហ្គ្រីន មិនមែនជាការទន្ទ្រានព្រៃយកដីនោះទេ គឺជាការធ្វើផ្លូវ។ ការធ្វើផ្លូវនេះ គឺឆ្ពោះទៅកាន់រ៉ែដែក ដែលពួកគាត់មានអាជ្ញាបណ្ណត្រឹមត្រូវ»។
ឆ្លើយតបទៅនឹងអ្វីដែលបានផ្សព្វផ្សាយនេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានបញ្ជាក់ដែរថា ការឈូសឆាយនេះ ដើម្បីពង្រីកផ្លូវចាស់ តែអត់មានប៉ះពាល់ដល់ព្រៃសហគមន៍នោះឡើយ។ លោកអភិបាលស្រុកបន្តទៀតថា ការធ្វើផ្លូវនេះទៀតសោត ដើម្បីបម្រើជាប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។
លោកអភិបាលស្រុក បានបញ្ជាក់យ៉ាងដូច្នេះ «ការពង្រីកផ្លូវនេះ អត់មានប៉ះពាល់ដីព្រៃសហគមន៍នោះឡើយ។ ផ្លូវហ្នឹងមានគម្រោងចាស់ហើយ។ ការធ្វើផ្លូវនេះ ក៏ដើម្បីឱ្យប្រជាពលរដ្ឋអាស្រ័យផលងាយស្រួលក្នុងការដឹកជញ្ជូនអនុផលកសិកម្មងាយស្រួល»។
បើតាមលោកអភិបាលស្រុក ការធ្វើផ្លូវនេះ ក៏ជាសំណូមពររបស់អាជ្ញាធរ និងប្រជាសហគមន៍ផងដែរ។
បើតាមព្រភពព័ត៌មានពីមន្ត្រីខេត្តព្រះវិហារ បានឱ្យដឹងថា ការផ្សព្វផ្សាយខាងលើធ្វើឡើងក្រោមការរៀបចំរបស់មន្ត្រីយោធាមួយរូប ដែលទៅចាប់យកដីរដ្ឋនៅតំបន់នោះ។ បើតាមមន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តព្រះវិហារ បានអះអាងថា មន្ត្រីយោធារូបនោះ បានយកឈ្មោះមន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទទៅកាងដីទីតាំងខាងលើ ហើយចោទថា ក្រុមហ៊ុនធ្វើសកម្មភាពរុករករ៉ែដែកចូលទៅក្នុងដីរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុន ហ័រ យ៉ុង សេង ធ្វើប្រតិបត្តិការស្វែងរករ៉ែលោហៈ ស្ថិតនៅក្នុងតំបន់ភ្នំថ្ម ស្រុករវៀង ខេត្តព្រះវិហារ។ យោងតាមអាជ្ញាបណ្ណនោះ បានឱ្យដឹងថា មានផ្ទៃដីសរុបជាង ៥៦គីឡូម៉ែត្រក្រឡា ដែលត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើសកម្មភាពរុករករ៉ែដែក៕