(ភ្នំពេញ)៖ ទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា អំពើលួច ឆក់ប្លន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃ របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៍ធំមួយកន្លែង និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់នេះ គឺបានអនុវត្តឡើងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏មានការចូលរួមជំរុញបន្ថែមពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារ ក្រោមការសម្របសម្រួលផ្នែកច្បាប់ តំណាងអយ្យការអមសាលាដំបូងរាជធានីផ្នំពេញ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាប និងបញ្ចប់ប្រតិបត្តិការ ក្នុងការបិទទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទនេះដែរ សម្រាប់ជនសង្ស័យ ដែលជាអ្នកញៀនល្បែងទាំង៩នាក់ និងវត្ថុតាងពាក់ប័ន្ធបទល្មើសមួយចំនួន ត្រូវបានបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងសំណុំរឿងក្នុងការបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕