(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល អង្គការ UNIDO និងក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាស ជលផល ក្រោ​មគម្រោង CAPFish រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានី-ខេត្ដចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្ដាល, កំពង់ធំ និងខេត្ដសៀមរាប។

ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើងផ្អែកលើលើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសជលផល ខ្នាត តូច និងមធ្យម (VCIS) របស់គម្រោង CAPFish ដែលបានគាំទ្រដល់សហគ្រាស ជលផលចំនួន២៨ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម បង្កើតផលជះជាវិជ្ជមានតាមរយៈការបង្កើតការងារ ការប្រើប្រាស់ ធនធាន ប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ។

ដំណើរទស្សនកិច្ចសិក្សា រៀបចំជាពិសេសសម្រាប់ក្រុមអ្នកសារព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នផ្សេងៗក្នុងមានគោលបំណង ជាក់លាក់ដូចខាងក្រោម៖

ទី១៖ ផ្តល់សារអប់រំមួយចំនួន ដល់បណ្តាញសារព័ត៌មានស្តីពីការអភិវឌ្ឍអាជីវកម្ម គោលគំនិតនិងការអនុវត្តសុវត្ថិភាព ម្ហូបអាហារ និងការអភិវឌ្ឍវិស័យឯកជន។
ទី២៖ ផ្សព្វផ្សាយអំពីភាពជោគជ័យនៃការអនុវត្តរបស់គម្រោងរបស់រដ្ឋបាលជលផល និង អង្គការ UNIDO។
ទី៣៖ បង្ហាញអំពីការអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងដំណើរការទទួលវិញ្ញាបនប័ត្រ។
ទី៤៖ ផ្សព្វផ្សាយដល់សាធារណជនអំពីសារសំខាន់ៗនិងអត្ថប្រយោជន៍របស់សុវត្ថិភាពម្ហូបអាហារ។

គម្រោង CAPFish សហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ UNIDO ។

កម្មវិធីទស្សនសិក្សានេះ ដឹកនាំ និងសម្របសម្រួលដោយ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ រដ្ឋបាលជលផល (FiA)។

ដំណើរទស្សនកិច្ចនេះ នឹងមានសកម្មភាពច្រើន ដែលរួមមានដូចការ៖ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពម្ហូបអាហារ សន្និសីទសារព័ត៌មាន ដំណើរទស្សនកិច្ចទៅសហគ្រាស ជលផលដែលទទួលបាន ការគាំទ្រពីគម្រោងបទសម្ភាសន៍ ជាមួយអ្នកជំនាញ ម្ចាស់អាជីវកម្ម រួមទាំងអ្នកប្រើប្រាស់។

ដំណើរទស្សនកិច្ចនេះ ផ្តល់រួមចំណែកបង្ហាញ អំពីការប្តេជ្ញាចិត្តពីសំណាក់ភាគីពាក់ព័ន្ធ ដែលរួមមាន រដ្ឋាភិបាល ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ ដៃគូអភិវឌ្ឋន៌ ក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការអាជីវកម្ម បង្កើនភាពប្រកួតប្រជែង ឱកាសវិនិយោគថ្មីៗ បង្កើនចំណេះដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពង្រឹងប្រពន្ធ័ខ្សែច្រវ៉ាក់តម្លៃជលផល និងលើកកម្ពស់សុខភាពសាធារណៈ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) គឺជាកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានគោលដៅគាំទ្រសមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ៕