(កំពង់ចាម)៖ លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានផ្តាំផ្ញើឲ្យនិស្សិតឲ្យការពារសារណារបស់ខ្លួនជាមួយភាពជឿជាក់ ដើម្បីឈានទៅទទួលលទ្ធផលនៃការសិក្សា ដែលបានបានប្រឹងប្រែងរៀនសូត្រកន្លងមក។

លោក មួន វាសនា បានណែនាំដូច្នេះនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១១ ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។

សាកលវិទ្យាធិការរងបានបន្តទៀតថា សូមឱ្យនិស្សិតទាំងអស់ខិតខំធ្វើបទបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយនៃខ្លឹមសារសារណារបស់ខ្លួន និងឆ្លើយសំណួរឲ្យអស់ពីសមត្ថភាពខ្លួនឯង និងពេលបញ្ចាប់ពិធីការពារសារណាហើយ ត្រូវពិនិត្យខ្លឹមសារសៀវភៅសារណារបស់ខ្លួនឱ្យបានហ្មត់ចត់ ដើម្បីសុំការត្រួតពិនិត្យពីគណៈកម្មការរបស់សាកលវិទ្យាល័យ ដើម្បីទុកជាស្នាដៃរបស់ខ្លួន និងក្រុមការពារសារណា។

លោកបន្តថា លទ្ធផលនៃការសិក្សាដែលនិស្សិតបានប្រឹងប្រែងរៀនសូត្របានការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រក្រោមការត្រួតពិនិត្យរបស់ក្រសួងអប់រំ យុវជន និងកីទ្បាកន្លងមក ព្រមទាំងការពារសារណានាថ្ងៃនេះ គឺជាសក្ខីភាពជាផ្លែផ្កាចេញពីលទ្ធផលនៃចំណេះដឹង ដែលបានសិក្សា និងកម្មសិក្សានៅតាមបណ្តាស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននានា គឺជាការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែង ដោយការតាំងចិត្តប្រឹងប្រែង និងពីការលះបង់ពេលវេលា ព្យាយាម រៀនសូត្រកន្លងមក។

សេចក្តីព្យាយាម និងកិច្ចខិតខំប្រឹងប្រែងដ៏លំបាកជាច្រើនឆ្នាំកន្លងមកនេះ បានបំពាក់បំប៉នសមត្ថភាព ជាកម្លាំងកាយ កម្លាំងចិត្តគំនិតប្រាជ្ញា ខួរក្បាល បេះដូង និងជំនាញ ភាពប៉ិនប្រសប់ ប្រកបដោយ គំនិតច្នៃប្រឌិត ដែលកើតចេញពីការសិក្សា គឺជាធនធានបញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានានិរន្តភាពនៃការសិក្សា ដើម្បីចូលរួមការអភិវឌ្ឍ សុខសន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿងនៃប្រទេសជាតិនាពេលអនាគត៕